មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ​ អះអាងថា ក្នុងឆ្នាំ២០២០នេះ ក្រសួងមានគោលដៅ​​តភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់ថាមពលអគ្គិសនីតាមលំនៅឋានប្រជាពលរដ្ឋឱ្យបាន៨០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ​ និងថាមពលអះអាងថា​ ក្រសួងមានគោលដៅក្នុងការ​តភ្ជាប់បណ្តាញ និងផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅឋានប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យ​បានប្រមាណ៨០ភាគរយ ក្នុងឆ្នាំ២០២០នេះ។

​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ ដែលរៀបចំឡើងដោយអង្គភាពអ្ន​កនាំ​ពាក្យ​រដ្ឋាភិបាល​ នៅទីស្តីការគណៈរដ្ឋមន្រ្តី​ ឯកឧត្តម​ វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ថាមពល​ នៃក្រសួងរ៉ែ​ និងថាមពល​ បានលើកឡើងថា​ ជាគោលដៅសម្រាប់អនុវត្តន៍​បន្តនៅក្នុងឆ្នាំ២០២០នេះ ក្រសួងរ៉ែ និងថាមពល មានគោលដៅក្នុងការតភ្ជាប់បណ្តាញ និង​ផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមលំនៅឋាននានារបស់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានប្រមាន៨០ភាគរយ។ ឯកឧត្តម​បានបញ្ជាក់ថា​ កម្ពុជាមានអនុភាពថាមពលសរុប​ចំនួន៣,៣៨២មេហ្គាវ៉ាត់ ហើយកាលពីឆ្នាំ២០១៩កន្លងទៅ មានការតភ្ជាប់បណ្តាញចែកចាយ​នៅតាមភូមិបាន៩២,៦៨ភាគរយក្នុងចំណោម១៤,១៦៨ភូមិនៅទូទាំងប្រទេស។ ឯកឧត្ដមបាន​បន្ដថា​ ក្រសួងបានតភ្ជាប់បណ្តាញចរន្តអគ្គិសនី និងផ្គត់ផ្គង់ដល់លំនៅឋានប្រជាពល​រដ្ឋបាន​ប្រមាណ ៧៤,៧៨ ភាគរយ។ ទន្ទឹមនេះ បច្ចុប្បន្ន មានភូមិចំនួន១៣,១៣៣ ភូមិ មានអគ្គិសនី​ប្រើប្រាស់ ហើយនៅសល់ភូមិចំនួន១,០៣៧ ដែលយើងនឹងបញ្ចប់គោលដៅ​នៅក្នុងឆ្នាំ២០២០​នេះ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម​ វិចទ័រ ហ្សូនា។

តែទោះបីយ៉ាងនេះក្តី​ ឯកឧត្តម​បានបន្ថែមថា​ យើងមានឧបសគ្គដែលយើង​មិនអាច​សម្រេចបាន ដោយមានប្រមាណ២៤៣ភូមិ ដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាល និងភូមិមួយ​ចំនួន​ទៀតលិចទឹក ៦ខែគោក ៦ខែលិច និងជាភូមិបណ្ដែតទឹកជាដើម។ ដែលទាំងអស់នេះ​ជាបញ្ហា និងជាឧបសគ្គក្នុងការសម្រេចបានតាមផែនការ ប៉ុន្តែយើងនៅតែព្យាយាមធ្វើយ៉ាង​ណាឱ្យបានជាង៩៨ភាគរយ នៃផែនការសរុប៕

ដោយ ចាន់ សុធីវង្ស