រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់ថា អង់តែនវិទ្យុ FM និងអង់តែនទូរសព្ទ័ មិនមានការប៉ះពាល់សុខភាព អ្នករស់នៅជិតអង់តែននោះទេ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ មេសា ២០២០៖

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់ថា អង់តែនវិទ្យុ FM និងអង់តែនទូរសព្ទ័ មិនមានការប៉ះពាល់មកលើសុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតអង់តែននោះទេ។
ក្នុងឱកាសទទួលជួបជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បាន បញ្ជាក់ថា អង់តែនសម្រាប់ការផ្សាយវិទ្យុ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ មានតែអង់តែន វិទ្យុ AM ប៉ុណ្ណោះ សម្រាប់អង់តែនវិទ្យុ FM និងអង់តែនទូរសព្ទ័ មិនមានការប៉ះពាល់សុខភាព អ្នករស់នៅក្បែរៗនោះទេ ។ ដូច្នេះហើយទើបមានការ រុះរើ អង់តែនវិទ្យុជាតិ AM នៅស្ទឹងមានជ័យ ដោយសារមានប្រជាជនមករស់ នៅក្បែរអង់តែនវិទ្យុនេះកាន់តែច្រើនឡើង ទើបក្រសួងសម្រេចយកទៅតម្លើងថ្មី នៅតំបន់វាល ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វិញ ដើម្បីកុំអោយមានការប៉ះពាល់សុខាភាពប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ពីគោលបំណងចង់ដឹងពី ដំណើរការរៀបចំផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី Analog ទៅDigital បញ្ហាការឆ្លងរំខាន ហ្វេ្រកង់ផ្សាយវិទ្យុ ទៅប្រពន្ធ័បញ្ជារយន្តហោះ ផលប៉ះពាល់នៃអង់តែន វិទ្យុ មកលើសុខភាពប្រជាពលរដ្ឋ ដែលរស់ នៅជិតអង់តែន និង កិច្ចការងារបែងចែក រលកការផ្សាយ វិទ្យុ ទូរទស្សន៏ ជាមួយការ ហ្រ្វេកង់ របស់ប្រៃសណីយ៏ អោយបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ដំណើរ ការងារ បានកាន់តែរលូនទៅមុខបន្ថែមទៀត។
ពាក់ពន្ធ័កិច្ចការងារទាំងអស់នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ចាក់ជូនថាដំណើរ ការនៃការរៀបចំផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ ពី Analog ទៅ Digital គឺបាននឹងកំពុង ដំណើរការទៅមុខ ។
ឯកឧត្តម បានបន្ដថា សម្រាប់យន្តការនៃការប្រើប្រាស់ហ្រ្វេកង់ នៅក្នុងវិស័យសោតទស្សន៍ ក៏ដូចជាហ្រ្វេកង់ផ្សេងៗទៀតនោះ ជាគំនិតផ្តួចផ្តើមក្នុងការធ្វើយ៉ាងណារាល់ហ្រ្វេកង់ ទាក់ទងការងារសោតទស្សន៏ ត្រូវផ្តល់មកក្រសួងព័ត៌មាន ជាអ្នកចាត់ចែងតែម្តង ស្របតាម លិខិតបទដ្ឋាន គតិយុត្តផ្លូវការ។ ចំពោះការឆ្លងរលកការផ្សាយវិទ្យុ ទៅប្រពន្ធ័បញ្ជារយន្តហោះ របស់អាកាសចរណ៍ស៊ីវិល ឯកឧត្តម បានបញ្ជាក់ថា កិច្ចការងារនេះ គឺ ក្រុមការងារបច្ចេកទេស បានធ្វើការជាប់ជាប្រចាំ ក្នុងការតាមដាន និងណែនាំ ដល់គ្រប់បណ្តា ស្ថានីយ៍វិទ្យុទាំងអស់ត្រូវពិនិត្យ នូវរាល់គ្រប់ បរិក្ខាសំភារះម៉ាស៊ីនផ្សាយ ត្រូវតែមាន គុណភាព ខ្ពស់ ដើម្បីកុំអោយមានការឆ្លងរំខានទៀត បើមិនដូច្នេះទេ និងមានការបិទការផ្សាយ វិទ្យុនោះតែម្តង បើមិនអនុវត្តន៏តាមការណែនាំ៕