អាជ្ញាធរខេត្តមណ្ឌលគីរី ជំរុញឲ្យប្រជាកសិករបង្កើនការដាំដុះបន្លែឲ្យបានច្រើនបន្ថែមទៀត ក្នុងពេលកំពុងជួបបញ្ហាជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 21,04,2020 ៖

អាជ្ញាធរខេត្តមណ្ឌលគីរី ជំរុញឲ្យប្រជាកសិករបង្កើនការដាំដុះបន្លែឲ្យបានច្រើនបន្ថែមទៀត ក្នុងពេលកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ដើម្បីធានាឲ្យការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុក ។
លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី បានមានប្រសាសន៏ថា ដើម្បីធានាដល់ការផ្គត់ផ្គង់បានគ្រប់គ្រាន់ក្នុងអំឡុងពេលមានការរីករាលដាននៃជំងឺរាតត្បាតសកលនេះ មន្ទីរបាន បង្កើតឲ្យមានក្រុមមន្ត្រីជំនាញ ចុះជំរុញឲ្យកសិករ អនុវត្តនូវបច្ចេកទេសកសិកម្មល្អដោយភាពឆ្លាតវៃ សំរាប់បង្កើនការដាំដុះបន្លែសុវត្ថិភាព រៀបចំប្រតិទិនដាំដុះ បង្កើតបណ្តាញទីផ្សារដើម្បីផ្សារភ្ជាប់អ្នកទិញនិងសហគមន៏ផលិតបន្លែ ក្នុងទិសដៅកាត់បន្ថយការនាំចូល និងបំពេញតម្រូវការកង្វះខាតបន្លែក្នុងស្រុក ។
លោកបន្តថា នៅពេលដែលកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើន វាគឺជាការរួមចំណែកជួយដល់សុខភាពអ្នកទិញ ជាពិសេសមានឪកាសច្រើនក្នុងការដណ្តើមយកទីផ្សារក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលកំពុងមានវិធានការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។
យើងសូមអំពាវនាវដល់បងប្អូនប្រជាកសិករផងដែរ គឺខិតខំចិញ្ចឹមសត្វ ខិតខំបង្កបង្កើនផល ពិសេសដំណាំបន្លែ ដើម្បីឲ្យយើងអាចផ្គត់ផ្គង់បាននៅក្នុងខេត្ត និងនាំចេញទៅកាន់បណ្ដាខេត្តផ្សេងៗ ជាពិសេសរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលយើងកំពុងជួបបញ្ហាជំងឺខូវីដ-19 ហើយបច្ចុប្បន្ននេះ មិនមានការផ្គត់ផ្គង់ពីខាងក្រៅមកទេ អញ្ចឹងនេះគឺជាឱកាសមួយ ដែលយើងអាចដណ្ដើមទីផ្សារ សំរាប់ទីផ្សាររបស់ប្រជាកសិករ ។
លោកស្រី រិទ្ធី ប្រជាកសិករដាំបន្លែសុវត្ថិភាព ក្នុងស្រុកពេជ្រជដា បានឲ្យដឹងថា ទោះបីប្រទេសជាតិកំពុងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏កសិករទូទាំងខេត្តនៅតែបន្តការដាំដុះជាធម្មតា ជាពិសេសសំរាប់ក្រុមគ្រួសារគាត់ គឺនៅតែបន្តគម្រោងបង្កើនការដាំបន្លែបន្ថែមទៀត ដើម្បីជួយផ្គត់ផ្គង់តម្រូវការក្នុងស្រុក និង អាចនាំចេញទៅបណ្តាខេត្តដទៃទៀត ។
សំឡេង ៖ បើសម្រាប់ខ្ញុំ គំរោងរបស់ពួកខ្ញុំគឺអត់មានបញ្ហាអីទេ ទោះបីជាជំងឺខូវីដ-19 នេះមានការរីករាលដាលយ៉ាងណាក៏ដោយ គឺគម្រោងខ្ញុំនៅតែបន្តដដែល គឺខ្ញុំនៅតែជំរុញការដាំដុះបន្តរាល់តែថ្ងៃនឹង ហើយសម្រាប់ដីដែលខ្ញុំដាំសព្វថ្ងៃនេះគឺមាន១០ហិកតាកំពុងដំណើរការ ហើយតាមគំរោងមានជាង20 ហិកតា តែយើងដំណើរការដាំរាល់ថ្ងៃគឺទើបតែបាន១០ហិកតាទេ ព្រោះដោយសារទៅដីធំ យើងត្រូវការចំណាយធនធានចំណាយដើមទុនច្រើន អញ្ចឹងសព្វថ្ងៃនេះ គឺយើងកំពុងដំណើរការលើផ្ទៃដីជាង១០ហិកតា ហើយដំណើរការដំាបានច្រើនមុខហើយដែល ហើយបន្ទាប់ពី១០ហិកតានេះហើយ គឺយើងបន្តទៅលើផ្ទៃដី ១២ហិកតាបន្ថែមទៀត ហើយបន្លេយើងគឺសុទ្ធតែជាបន្លែសុវត្ថិភាពទាំងអស់ ហើយបន្លែសុវត្ថិភាពដែលយើងដាំបានដូចជាស្ពៃចង្កឹះ ស្ពៃក្រញ៉ាញនេះ គឺយើងប្រើការដាំនៅក្នុងរោងបន្លែទាំងអស់ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរក្សាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 ដូចជា ការជ្រើសរើសទីតាំងដែលមានសក្តានុពលដាំបន្លែ និងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់អនុវត្តផលិតកម្មបានពេញមួយឆ្នាំ និងជ្រើសរើសសហគមន៍ដែលមានសក្កានុពលនិងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតដំណាំបន្លែក្នុងទ្រង់ទ្រាយធំផងដែរ ៕