ប្រជាពលរដ្ឋ គាំទ្រការផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning»ដែលសហការរៀបចំរវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ មេសា ២០២០៖

ប្រជាពលរដ្ឋ គាំទ្រការផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម តេជោ ឌីធីវី និង App ក្រសួងព័ត៌មាន ដើម្បីអោយសិស្សានុសិស្ស អាចរៀនបាននៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជនទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីដ-១៩។ 

លោកស្រី កង ស៊ីណា ប្រជាពលរដ្ឋ រស់នៅខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា លោកស្រីសប្បាយចិត្តនៅពេលដែលឃើញក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បង្កើតនូវការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលបានចាក់ផ្សាយ នៅទូរទស្សន៍ជាតិកម្ពុជា TVK 2 គឺវាអាចជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផង ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សរៀនសូត្រ និងអាចអោយអាណាព្យាបាល ជួយធ្វើការបង្ហាត់បង្រៀនកូនៗបានងាយស្រួលផងដែរ។

“ការបង្កើតនូវការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលបង្កើតឡើងដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ គឺជាជម្រើសដ៏ល្អ សម្រាប់បុត្រធីតាក្នុងពេលបច្ចុប្បន្ន ព្រោះវាអាចជួយការពារនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសបណ្តារបស់យើងគឺអាចធ្វើការសិក្សារៀនសូត្របានគ្រប់មុខវិជ្ជា តាមគ្រប់កម្រិតថ្នាក់ ទាំងអ្នករស់នៅជនបទ ទាំងក៏ដូចជាអ្នករស់នៅទីក្រុង គឺមានភាពស្មើគ្នា។ ជាពិសេសគឺមានភាពងាយស្រួល គ្រាន់តែការសិក្សាតាមរយៈការមើលទូរទស្សន៍ ក៏ដូចជាតាមរយៈទូរស័ព្ទ ដែលមាន app ដែលក្រសួងផ្ដល់ជូន។ អញ្ចឹងខ្ញុំគិតថាកម្មវិធីនេះគឺល្អមែនទែន សម្រាប់បុត្រធីតារបស់ យើងធ្វើការសិក្សាជាមួយនឹងអាណាព្យាបាល ដើម្បីជួយធ្វើការបង្ហាត់បង្រៀនគាត់បន្ថែមជាមួយគាត់តែម្ដង“។

ចំណែក លោកស្រី សុខ ធីតា ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បានអោយដឹងដែរថា លោកស្រី គាំទ្រចំពោះកម្មវិធីការសិក្សាពីនេះ ព្រោះវាបានផ្តល់ភាពងាយស្រួលសំរាប់សិស្សានុសិស្ស នៅតំបន់ជនបទ អាចទទួលបានចំណេះដឹងបាន ដោយមិនចាំបាច់ប្រើ internet ដោយគ្រាន់តែមើលតាមទូរទស្សន៍។ លោកស្រី បន្តថា ជាពិសេសមានតារាងការវិភាគដែលផ្ដល់ភាពងាយស្រួល សំរាប់ការរៀនរបស់សិស្សផងដែរ។

សូមបញ្ជាក់ថា កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម តេជោ ឌីធីវី និង App ក្រសួងព័ត៌មានដែលសហការក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីមានការចុះអនុស្សារណៈនៃ ការយោគ យល់រវាងក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ កម្មវិធីនេះ បានចាក់ផ្សាយ នៅ ទូរទស្សន៏ជាតិកម្ពុជា TVK 2 ដែលមាន តាមប្រពន្ធ័ទូរទស្សន៍ Satellite តេជោ DTV និងតាម រយះប្រពន្ធ័ផ្សព្វផ្សាយបែបទំនើប  App ក្រសួងព័ត៌មាន រួមទាំង ទូរទស្សន៍ខ្សែកាប រាជធានី ខេត្ត ដោយបាន  ផ្សាយចាប់ពីម៉ោង ៧ព្រឹកតទៅ គឺ២៤ ម៉ោង ជារៀងរាល់ថ្ងៃ៕