ប្រធានមន្ទីរកសិកម្មឧត្តរមានជ័យ បានឲ្យដឹងថា ដំណាំដំឡូងមីក្នុងខេត្ត ប្រមូលផល បានប្រមាណ៨៥%ហើយ

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ 21,04,2020៖

ប្រធានមន្ទីរកសិកម្មឧត្តរមានជ័យ បានឲ្យដឹងថា ដំណាំដំឡូងមីក្នុងខេត្ត ប្រមូលផល បានប្រមាណ៨៥%ហើយ ខណៈឆ្នាំនេះអំណោយផលល្អពីធម្មជាតិ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទឧត្តរមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទូទាំងខេត្ត ប្រជាកសិករ បានធ្វើការដាំដំណាំដំឡូងមី លើផ្ទៃដីសរុបប្រមាណជាង 6ម៉ឺនហិកតា ដែលក្នុង១ហិកតាៗទទួលផលបានពី២៥តោន ទៅ៣០តោន ។
លោក បានបន្តថា មន្ត្រីជំនាញក៏បានចុះណែនាំពីគន្លឹះសំខាន់ៗដល់ប្រជាកសិករក្នុងការថែទាំដូចជា ត្រូវជំរះស្មៅ ជ្រោយដីឲ្យបានញឹកញាប់ពេលដំឡូងមីនៅតូច ត្រូវពូនគល់ក្រោយពេលដាំរយៈពេល ២ ទៅ ៣ខែ ដើម្បីជួយទប់ដើមមិនឲ្យរលំដួល ហើយផ្តល់មើមធំៗ ជាពិសេសលួសស្លឹកខាងក្រោមចេញខ្លះ នៅពេលដំឡូងមានកំពស់១ម៉ែត្រ ដើម្បីឲ្យពន្លឺចាំងចូលបានគ្រប់គ្រាន់ ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រជាកសិករដែលបានដំណាំដំឡូងមី ទទួលបានតម្លៃសមរម្យដោយដំឡូងមីស្រស់មានតម្លៃ ២០០រៀល គ្រៀមតម្លៃ៧០០រៀលក្នុងមួយគីឡូក្រាម និងមានកន្លែងទទួលទិញជាង១០០កន្លែងសំរាប់ធ្វើការនាំចេញទៅក្រៅប្រទេស ដោយប្រជាកសិករមិនព្រួយបារម្ភក្នុងការរកទីផ្សារនោះទេ។
លោក បានអំពាវនាវដល់ប្រជាកសិករឲ្យបង្កើនការដាំដុះ និងស្វែងរកបច្ចេកទេស ដោយត្រូវយកចិត្តទុកដាក់សិក្សាអំពីប្រភេទដំណាំឲ្យបានច្បាស់លាស់ មុនធ្វើការសំរេចត្រូវដាំដុះ ថាតើត្រូវនឹងស្ថានភាពដី អាកាសធាតុ ជាពិសេសបំពេញតម្រូវការទីផ្សារឬទេ ដែលនេះជាហេតុជួយកែសម្រួលជីវភាពគ្រួសាររបស់ប្រជាកសិករបានមួយកម្រិតធំ ។
គឺជំរុញឱ្យបងប្អូនខំប្រឹងប្រែងធ្វើបន្ថែមឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល ហើយទាក់ទងជាមួយនឹងបច្ចេកទេសប្រឹងប្រែងបន្ថែមចែករំលែកបទពិសោធន៍ពីមន្ត្រីជំនាញដល់កសិករបន្ថែមទៀត ដើម្បីបានទិន្នផលខ្ពស់ កាលណាបានទិន្នផលខ្ពស់ទីផ្សារមានទៀត បានន័យថា កសិករយើងមានជីវភាពរីកចម្រើន ចឹងសម្រាប់តំលៃកសិករគឺទទួលយកបាន គាត់ចំណេញរកប្រាក់ចំណូលហើយតម្លៃរាល់ថ្ងៃនេះគឺយកបាន ហើយអាចធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋយើងបន្តទៅមុខទៀត មានការរីកចម្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅតំបន់មានអាកាសធាតុក្តៅហើយសើម ត្រូវការពន្លឺ ហើយដីដែលល្អសម្រាប់ការលូតលាស់គឺដីល្បាយខ្សាច់ធូរ ៕