ក្រសួងរ៉ែនិងថាមពល នឹងបង្កើតរោងចក្រផលិតរ៉ែមាសខ្នាតអន្តរជាតិជាលើកដំបូងនៅខេត្តមណ្ឌលគិរីនៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០៤ ២០២០៖

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល អះអាងថា ក្រសួងនឹងបង្កើតរោងចក្រផលិតរ៉ែមាសខ្នាតអន្តរជាតិជាលើកដំបូងនៅខេត្តមណ្ឌលគិរីនៅពេលខាងមុខនេះ ដើម្បីធ្វើយ៉ាងអាចទាញយករ៉ែមាសទាំងនោះ កែច្នៃឲ្យក្លាយជាផលិតផលដែលមានស្តង់ដា ។

ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ បានឲ្យដឹងថាក្រុមហ៊ុនឯកជន មកពីប្រទេសអូស្រ្តាលី បានសហការជាមួយ ក្រសួងរ៉ែនិងថាមពលកំពុងបង្កើតរោងចក្រផលិតរ៉ែមាសខ្នាតអន្តរជាតិជាលើកដំបូងនៅខេត្តមណ្ឌលគិរីនៅពេលឆាប់ៗនេះ ដោយបច្ចុប្បន្នវិស័យរ៉ែមាសកម្ពុជា កំពុងឈានជើងមួយជំហានទៀត ឆ្ពោះទៅរកការធ្វើឧស្សាហកម្មរុករករ៉ែមាសខ្នាតធំ ខណៈដែលកន្លងមកភាគច្រើនគ្រាន់តែជាការរុករកខ្នាតតូច លក្ខណៈសិប្បកម្ម បែបសាមញ្ញៗប៉ុណ្ណោះ ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី២១ ខែមេសា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បន្តថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ លើវិស័យរ៉ែមាសមកពីប្រទេសអូស្រ្តាលីនេះជា ក្រុមហ៊ុនវិនិយោគខ្នាតអន្តរជាតិ មានលក្ខណៈឧស្សាហកម្មខ្នាតធំ ក្នុងការទាញយកនិងកែច្នៃ ដើម្បីទៅប្រកួតប្រជែងក្នុងទីផ្សារជាតិនិងអន្តរជាតិបានផងដែរ ។
«យើងកំពុងរៀបចំដំណើរការឈានទៅបង្កើតឧស្សាហកម្មចំរេញរ៉ែមាសរបស់កម្ពុជាជាលើកដំបូង យើងហៅថាអាជីវកម្មខ្នាតឧស្សាហកម្មខ្នាតអន្តរជាតិ។ គឺយើងបានរកឃើញជំរករ៉ែមាសមួយខ្នាតអន្តរជាតិគឺនៅតំបន់ទីតាំងដែលហៅថា អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយយើងសង្ឃឹមថានិងអាចមានផលិតផលមានរបស់កម្ពុជា នៅពេលឆាប់ៗខាងមុខនេះទៅតាមផែនការ »។
ឯកឧត្តម យស មុនីរ៉ាត់ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ឲ្យក្រុមហ៊ុននេះនូវអាជ្ញាប័ណ្ណរុករករ៉ែកាលពីខែកក្កដាឆ្នាំមុនដោយគ្របដណ្ដប់លើផ្ទៃដីទំហំ ១១,៥ គីឡូម៉ែត្រការ៉េនៅក្នុងគម្រោងរ៉ែមាសអូរខ្វាវនៅស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា សម្រាប់គម្រោងនេះក្រុមហ៊ុនអាចផលិតមាសដុំដែលនឹងធ្វើការនាំចេញទៅកែច្នៃទៅជាមាសសុទ្ធសម្រាប់ការលក់នៅលើទីផ្សារ។ មាសដែលក្រុមហ៊ុនទាញយកអាចត្រូវកែច្នៃនៅកម្ពុជាមានតែមាសដុំ ប៉ុណ្ណោះ និងបន្ទាប់មកពួកគេនឹងធ្វើការនាំចេញ ដោយសារតែយើងមិនមានលទ្ធភាពក្នុងការកែច្នៃជាមាសសុទ្ធ ៩៩,៩៩ ភាគរយ។
របាយការណ៍ប្រចាំឆ្នាំបានពីក្រសួងរ៉ែ និងថាមពលកាលបានបង្ហាញថា ពេលនេះក្រុមហ៊ុន កំពុងសាងសង់រោងចក្រកែច្នៃដែលនឹងអាចផលិតប្រហែល ២លាន៨សែនតោនក្នុង ១ ឆ្នាំហើយរំពឹងថា ចាប់ផ្ដើមការទាញយកចាប់ពីឆ្នាំ ២០២១៕