ប្រទេសចិនទទូចដល់មន្រ្តីសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការផ្សព្វផ្សាយទ្រឹស្តីសមគំនិតក្បត់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនបានទទូចឱ្យមន្រ្តីសហរដ្ឋអាមេរិកមួយចំនួន ត្រូវគោរពនូវការពិត វិទ្យាសាស្ត្រ និងការមូលមតិគ្នាជាអន្តរជាតិ ព្រមទាំងបញ្ឈប់ការផ្សព្វផ្សាយទ្រឹស្តីសមគំនិតក្បត់ ជុំវិញប្រភពដើមនៃវីរុស​ជំងឺកូវីដ-១៩ ។

អ្នកនាំពាក្យ លោក Geng Shuang បានធ្វើការកត់សម្គាល់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលធ្វើការអត្ថាធិប្បាយ​អំពីការអះអាងថ្មីៗរបស់មន្រ្តីសហរដ្ឋអាមេរិកមួយចំនួនថា វីរុសនេះមានប្រភពចេញពីមន្ទីរពិសោធន៍វ៉ាក់សាំងវូហាន។

លោក Geng បាននិយាយថា «ដើមកំណើតនៃជំងឺកូវីដ-១៩ គឺជាបញ្ហាវិទ្យាសាស្ត្រដែលគួរតែពឹងផ្អែកទៅលើអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីរកឱ្យឃើញ ប៉ុន្តែមិនគួរយកមកធ្វើជារឿងនយោបាយទេ។

លោកបាននិយាយថា អ្នកវិទ្យាសាស្ត្រសុខភាពសាធារណៈ និងអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក ព្រមទាំងប្រទេស​ភាគច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរ បានជឿថា មិនមានភ័ស្តុតាងណាមួយបង្ហាញថា វីរុសនេះមានប្រភពចេញមកពីមន្ទីរពិសោធន៍​នោះទេ។

យោងតាមលោក Geng បានឱ្យដឹងថា នាយកវិទ្យាស្ថានវូហាននៃវិទ្យាសាស្ត្រចិនដែលស្ថិតក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបដិសេធការអះអាងដែលមិនមានភាពច្បាស់លាស់ និងមិនសមហេតុផលរបស់ភាគីសហរដ្ឋអាមេរិក នៅពេលផ្តល់បទសម្ភាសន៍​មួយដោយសង្កត់ធ្ងន់ថា វិទ្យាស្ថាននេះមានរបប បទប្បញ្ញត្តិតឹងរឹង។

លោក Geng បាននិយាយដោយដកស្រង់សម្តីរបស់នាយកវិទ្យាស្ថានថា គ្មានបុគ្គលិកនៃវិទ្យាស្ថាននេះណាម្នាក់បានឆ្លងវីរុស​នេះទេ ហើយសមាជិកទាំងអស់កំពុងលះបង់​ខ្លួនដើម្បីការងារស្រាវជ្រាវមួយនេះ។

លោក Geng បាននិយាយថា ទ្រឹស្តីនៃការសមគំនិតក្បត់ដែលមិនទទួលខុសត្រូវដោយបុគ្គលជនជាតិអាម៉េរិកមួយចំនួន អាចធ្វើឱ្យរំខានដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការរវាងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ។ «អ្នកទាំង​នេះគួរតែដឹងថា សត្រូវរបស់ពួកគេ គឺជាវីរុស មិនមែនប្រទេសចិននោះទេ»។

លោក Geng បាននិយាយថា «អាទិភាពកំពូលរបស់ពួកគេគួរតែផ្តោតទៅលើការបង្ការ និងការគ្រប់គ្រងក្នុងស្រុកនៃការរាតត្បាត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាជាងវាយប្រហារ នឹងធ្វើឱ្យចិនអាម៉ាស់មុខ ឬធ្វើការស្តីបន្ទោស»៕

(ប្រភព Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)