ក្រសួងអប់រំនឹងបង្រៀនសិស្សជនជាតិដើមភាគតិចនៅខេត្តរតនគីរីនិងមណ្ឌលគីរីតាមវិទ្យុផ្សាយសំឡេង

វិទ្យុជាតិកម្ពុជា៖ ស្រីផល 21,04,2020៖

ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្រៀនដល់សិស្សជនជាតិដើមភាគតិចនៅខេត្តរតនគីរី និងមណ្ឌលគីរី តាមស្ថានីយវិទ្យុផ្សាយសំឡេងរបស់ខេត្តនីមួយៗ រយៈពេល៣ ខែចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាផ្ដល់ឱកាសដល់កុមារសិស្សានុសិស្ស ទទួលបានការសិក្សាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីការបង្រៀនពីចម្ងាយ ដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសំឡេង ដល់កុមារថ្នាក់មេត្តយ្យសិក្សា សិស្សបឋមសិក្សាថ្នាក់ទី១ទី ២និងទី៣ សម្រាប់កម្មវិធីអប់រំពហុភាសា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២១មេសានេះ បានឲ្យដឹងថាកម្មវិធីអប់រំពហុភាសាតាមស្ថានីយវិទ្យុផ្សាយសំឡេង របស់ខេត្តរតនគីរី និងមណ្ឌលគីរីនេះ គឺសម្រាប់សិស្សកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ របស់កម្មវិធីអប់រំពហុភាសា ជាភាសាទំពួន និងគ្រឹង ក្នុងខេត្តរតនគិរី និងជាភាសាព្នងក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាអ្នករៀបចំ និងជ្រើសរើសយកពេលវេលាសម្រាប់ផ្សាយតាមតម្រូវការជាក់ស្ដែង របស់សហគមន៍នីមួយៗ ដើម្បីឲ្យសិស្សជនជាតិដើមភាគតិចទាំងនោះ ទទួលបានការអប់រំប្រកបដោយសមធម៌ រីករាយ និងបរិយាប័ន្ន៕