ប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់ទំនងជានឹងធ្លាក់ ចូលទៅក្នុងភាពក្រីក្រ នឹងភាពគ្មានការងារធ្វើ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បានឱ្យដឹង​ថា ប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់អាចនិងធ្លាក់ចូលក្នុងភាពក្រីក្រ នឹងភាពគ្មានការងារធ្វើដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានឥទ្ធិពលទៅលើសេដ្ឋកិច្ចឥណ្ឌូណេស៊ី។

ស្ថិតក្រោមសេណារីយ៉ូអាក្រក់មួយនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងមានប្រជាជន ក្រីក្រជាង ១,១លាននាក់ នឹងអ្នកគ្មានការងារធ្វើចំនួន ២,៩លាននាក់។ សេណារីយ៉ូដ៏អាក្រក់បំផុតបានព្យាករណ៍ថា ប្រជាជនចំនួន ៣,៧៨លាននាក់ និងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយប្រជាជន ៥,២លាននាក់នឹងបាត់បង់ការងារ។

យោងតាមទិន្នន័យរបស់ស្ថិតិជាតិឥណ្ឌូណេស៊ី (BPS) បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រទេសនេះមានចំនួន ៧,០៥លាន​នាក់ ក្នុងចំណោមកម្លាំងពលកម្មចំនួន ១៣៣,៥៦លាននាក់កាលពីឆ្នាំមុន។ ទន្ទឹមនិងនេះដែរ ប្រជាជនចំនួន ២៤,៧៩លាន​នាក់​បានរស់នៅក្នុងភាពក្រីក្រ ពោលគឺ ៩,២២ភាគរយនៃចំនួនប្រជាជនសរុប – ដែលមានការធ្លាក់ចុះប្រមាណ ៨៨០.០០០នាក់​បើប្រៀបធៀបទៅនិងឆ្នាំមុន។

លោកស្រី Sri Mulyani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៤ ខែមេសាថា នៅក្នុងស្ថានភាពធ្ងន់ធ្ងរនេះ វានឹងអាចកើតមានដែលកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីនិងធ្លាក់ចុះដល់កម្រិតអវិជ្ជមាន ដោយវាជាហេតុប៉ះពាល់ដល់ស្ថានភាពសង្គម និងលក្ខខណ្ឌអភិវឌ្ឍរបស់ប្រទេស។

រដ្ឋាភិបាលបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូណេស៊ីនឹងថយចុះមកត្រឹម ២,៣ភាគរយនៅក្នុងឆ្នាំ​នេះដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២១ឆ្នាំនេះ ហើយសេដ្ឋកិច្ចអាចធ្លាក់ចុះដល់ ០,៤ភាគរយក្រោមសេណារីយ៉ូដ៏អាក្រក់បំផុត។

ថ្មីៗនេះ ធនាគារពិភពលោកបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ពី ៥,១ភាគរយមកនៅត្រឹម ២,១ភាគរយនៅក្នុងឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ វាក៏បានព្យាករណ៍ផងដែរថា ប្រជាជនជាង ១១លាន​នាក់អាចធ្លាក់ចូលទៅក្នុងភាពក្រីក្រនៅតំបន់អាស៊ីបូព៌ាប៉ាស៊ីហ្វិក ដែលជាការផ្ទុយស្រឡះពីការព្យាករណ៍របស់ខ្លួនកាលពីពេលមុនដែល​ថា កំណើនសេដ្ឋកិច្ចនិងគ្រប់គ្រាន់ដើម្បីលើកស្ទួយប្រជាជនចំនួន ៣៥លាននាក់ឱ្យចេញពីភាពក្រីក្រនៅក្នុងឆ្នាំនេះ។

យោងតាមទិន្នន័យពីក្រសួងការងារ និងភ្នាក់ងារសន្តិសុខសង្គមបានឱ្យដឹងថា ប្រជាជនឥណ្ឌូណេស៊ីចំនួន ២,៨លាននាក់បាន​បាត់បង់ការងាររបស់ខ្លួនគិតត្រឹមថ្ងៃទី ១៣ ខែមេសា៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)