វៀតណាមចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលក្រុមប្រទេស G20

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ប្រទេសវៀតណាមបានចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលរបស់ក្រុមប្រទេស G20 តាមរយៈសន្និសីទវីដេអូ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងរដ្ឋមន្រ្តីសុខាភិបាលមកពីក្រុមប្រទេស G20 រួមជាមួយមន្រ្តីមកពីអង្គការអន្តរជាតិ និងក្នុងតំបន់ ដូចជាធនាគារពិភពលោក អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) មូលនិធិអង្គការសហប្រជាជាតិ និងសម្ព័ន្ធសកលលោកសម្រាប់ថ្នាំបង្ការ និងការចាក់ថ្នាំបង្ការរោគ (GAVI) ។

នៅក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំក្រុមប្រទេស G20 តាមរយៈសន្និសីទវីដេអូកាលពីខែមីនា ដែលបានពិភាក្សាគ្នាអំពីការឆ្លើយតបជាសកលចំពោះភាពបន្ទាន់ផ្នែកសុខភាព ហើយបណ្តាមន្ត្រីទាំងនោះបានចែករំលែកបទពិសោធន៍​របស់ប្រទេសរបស់ពួកគេ និងស្នើវិធានការបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ក្នុងសុន្ទរកថារបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Truong Quoc Cuong បាននិយាយថា ប្រទេស​វៀតណាមដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២០ នេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ច ប្រជុំកំពូលអាស៊ានបូក ៣ ស្តីពីជំងឺកូវីដ-១៩ ។

លោកបានកត់សម្គាល់ថា នៅក្នុងព្រឹត្តិការណ៍ទាំងនោះ បណ្តាមេដឹកនាំដែលបានចូលរួមបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្ត និងការតាំងចិត្តរបស់ខ្លួន​ចំពោះការរួបរួមគ្នា នឹងធ្វើសកម្មភាពរួមគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដើម្បីកាត់បន្ថយផល​ប៉ះពាល់អវិជ្ជមានរបស់វាទៅលើជីវភាពរស់នៅរបស់ប្រជាជន សង្គម និងសេដ្ឋកិច្ចនៅក្នុងតំបន់។ លោកបាន​និយាយបន្ថែមថា វាមានសារៈសំខាន់ចាំបាច់ណាស់ដែលយន្តការអាស៊ានបូក ៣ (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) អាស៊ាន – សហរដ្ឋ-     អាមេរិក និងអាស៊ាន – សហភាពអឺរ៉ុប ព្រមទាំងសហគមន៍អន្តរជាតិដទៃទៀតបានបង្ហាញអំពីភាពបន្ទាន់នៃការរាតត្បាត និងការប្តេជ្ញាចិត្តក្នុងការឆ្លើយតបជារួម។

និយាយអំពីជំនាញរបស់វៀតណាម និងអាស៊ាន លោក Cuong បានកត់សម្គាល់ថា ប្រទេសនេះបានបង្កើតគណៈកម្មាធិការ​គ្រប់គ្រងថ្នាក់ជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ តាំងពីដំណាក់កាលដំបូងនៃការផ្ទុះឡើង ដោយមានការប្តេជ្ញាចិត្តខ្ពស់ពី​ប្រព័ន្ធនយោបាយទាំងមូល រដ្ឋាភិបាល និងសាធារណជន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)