អាជ្ញាធរភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បី សុខមាលភាពប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់​ឯកឧត្ដម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងរយៈ
ពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បី សុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹងនាព្រឹកថ្ងៃទី២១ មេសា ២០២០នេះថា ក្នុងន័យគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ ឯកឧត្ដម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារនិមួយៗបាននឹងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់​ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររងចាំបាញ់កំដៅនិងបាញ់អាកុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។
អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន
ដានី បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសានេះដែរថា នៅក្នុងខែមេសានេះ មានភ្ញៀវទេសចរចូលមកទស្សនានៅក្នុងផ្សារធំថ្មី ចំនួន៥៨០៦នាក់ ក្នុងងនោះភ្ញៀវដែលបានចូលទស្សនាច្រើនជាងគេមានភ្ញៀវជនជាតិវៀតណាម ជនជាតិចិន អឺរ៉ុប ម៉ាឡេស៊ី ជប៉ុនឥណ្ឌា ភ្ញៀវថៃនិងអាហ្វ្រិក។ ក្នុងខែមេសាឆ្នាំ២០២០នេះ ដែរ យើងក៏បានចុះផ្សព្វផ្សាយស្ដីពីការបង្ការនិងទប់ស្កាត់មេរោគកូវីដ-១៩និងបានណែនាំ ប្រជាពលរដ្ឋ អាជីវករកុំឲ្យដំឡើងថ្លៃពួកម៉ាស អាកុលនឹងជេល និងបានប្រើប្រាស់អាកុលអស់ចំនួន៣៦០លីត្រ ម៉ាស់ចំនួន១៩៦០ម៉ាស់ និងបានបាញ់ថ្នាំសម្លាប់មេរោគតាមបន្ទប់ជុំវិញផ្សារផងដែរ៕