អគ្គនាយកពន្ធដារណែនាំអង្គភាពក្រោមឱវាទបន្ថយពន្ធលើវិស័យអាកាសចរណ៍ និងទេសចរណ៍

វិទ្យុជាតិកម្ពុជា , អត្ថបទ៖ វ៉ាង ភក្តី ២១ ០៤ ២០២០៖

អគ្គនាយកពន្ធដារ បានណែនាំឲ្យគ្រប់អង្គភាពក្រោមឱវាទ អនុវត្តការបន្ធូបន្ថយពន្ធលើវិស័យអាកាសចរណ៍ និងទេសចរណ៍ ខណៈវិស័យទាំងពីរនេះ កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សេចក្តីណែនាំរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយករដ្ឋានពន្ធដារ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសានេះ បានបញ្ជាក់ថា គ្រប់អង្គភាពក្រោមឱវាទនៃអគ្គនាយករដ្ឋានពន្ធដារមានដូចជា៖ សាខាពន្ធដាររាជធានី-ខេត្ត និងខណ្ឌទាំងអស់ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតលើការលើកលែងការបង់ពន្ធអប្បបរមារយៈពេល៣ខែ គិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានបង្កើតឡើង និងកំពុងធ្វើអាជីវកម្មនៅកម្ពុជា ដោយក្នុងរយៈពេលនេះ គ្មានការតម្រូវឲ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនោះទេ។
ចំណែក សហគ្រាសដែលកំពុងប្រកបអាជីវកម្មលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយករដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ត្រូវលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែ គិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ដូចគ្នា។
វិធានការណែនាំនេះ ធ្វើឡើងដោយអនុវត្តតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលតម្រូវឲ្យមានការសម្រួលពន្ធដារ និងពន្ធអាករ ដល់វិស័យទាំងពីរនេះ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សេចក្តីណែនាំរបស់អគ្គនាយករដ្ឋានពន្ធដារ បានបន្តថា សហគ្រាសផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាស ពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រង់អាករលើតម្លៃបន្ថែម ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងនេះ។
ចំពោះពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ សហគ្រាសត្រូវដាក់លិខិតប្រកាសយ៉ាងយឺតបំផុតឲ្យបានត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ ហើយសហគ្រាសដែលមានប្រាក់ពន្ធលើប្រាក់ចំណូលត្រូវបង់ថែម ត្រូវបានអនុញ្ញាតឲ្យបង់រំលស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០៕