ក្រសួងការងារ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលរៀបចំមណ្ឌលចត្តាឡីស័កចំនួន១០កន្លែងសម្រាប់កម្មករកម្មការិនីដែលវិលមកពីស្រុកកំណើត

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៖

ក្រសួងការងារ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល រៀបចំមណ្ឌលចត្តាឡីស័កចំនួន១០កន្លែង បន្ទាប់ពីបងប្អូនកម្មករ កម្មការិនី ដែលបានឈប់សម្រាប់នៅក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីក្នុងគោលដៅ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ របស់កម្មករ កម្មការិនី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចំពោះកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានឈប់សម្រាកក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ពេលចូលធ្វើការវិញ ត្រូវតែទៅពិនិត្យសុខភាពជាមុនសិន ធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ។
ឯកឧត្តមបន្តថា កម្មករទាំងអស់ទទួលបានការយកចិត្តទុកដាក់ពីអ្នកគ្រប់គ្រងមណ្ឌលចត្តាឡីស័កទាំងអស់១០កន្លែង ដោយមានកម្លាំងនគរបាលពិនិត្យមិនឱ្យគាត់ចេញដើរផ្ដេសផ្ដាសឡើយ នឹងមានការផ្ដល់ម្ហូបអាហារក្នុងកម្រិតអប្បបរមា ។
ឯកឧត្តមបញ្ចាក់ថា មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២ ចំពោះកម្មករ កម្មការីនី ត្រូវតែត្រួតពិនិត្យសុខភាព និងតាមដានឲ្យបានជាក់លាក់ប្រសិនបើពិនិត្យឃើញមានកម្មករ កម្មការីនី ណាបានឆ្លងវីរុសកូវីដ១៩ យើងនឹងយកពួកគាត់ទៅមណ្ឌលចត្តាឡីស័កកម្រិត២ ។
សំលេង ៖ អញ្ចឹងហើយបានសុំឲ្យមានការយោគយល់ អ្វីដែលរាជរដ្ឋាភិបាលបានធ្វើនេះ គឺទីមួយ ការពារសុវត្ថិភាពសុខភាពមនុស្ស៩៨ភាគរយ ដែលបានមកបងធ្វើការរួចហើយ ហើយក៏ការពារសុវត្ថិភាពសុខភាពអ្នកដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំហ្នឹង ដោយហៅគាត់មកពិនិត្យសុខភាព ហើយក៏ជាការដោះស្រាយឲ្យគាត់ដែរ ប្រសិនបើគាត់ត្រឡប់មកវិញអត់មានកន្លែងស្នាក់នៅ យើងក៏មានកន្លែងសម្រាប់គាត់ស្នាក់នៅដែរ ។
សូមបញ្ជាក់ថា ក្រោយពីចប់ចូលឆ្នាំខ្មែរ មានកម្មករកម្មការនីចំនួន១៥០០០ម៉ឺននាក់បានត្រឡប់ពីស្រុកកំណើតមកធ្វើការនៅរាជធានីភ្នំពេញវិញដូច្នេះ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចតម្រូវឱ្យ ពួកគាត់ធ្វើចត្តាឡីស័កដាក់ឱ្យដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃមុននឹងឱ្យចូលធ្វើការធម្មការវិញ ៕