សិង្ហបុរីបញ្ចេញកុំព្យូទ័រយួរដៃនិងថេបប្លេតប្រមាណ ១២,៥០០គ្រឿងឲ្យសិស្សខ្ចីសម្រាប់ការរៀនពីផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ក្រសួងអប់រំសិង្ហបុរីបានឲ្យដឹងថា កុំព្យូទ័រយួរដៃនិងថេបប្លេតប្រមាណ ១២,៥០០គ្រឿង ព្រមទាំងឧបករណ៍សម្រាប់ភ្ជាប់ទៅអ៊ីនធើណែតចំនួន ១២០០ គ្រឿងបន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យសិស្សដែលមិនមានឧបករណ៍គ្រប់គ្រាន់ខ្ចីប្រើប្រាស់សម្រាប់ការសិក្សានៅផ្ទះ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
ក្រសួងអប់រំអះអាងថា នេះជាការផ្លាស់ប្តូរទៅរកការរៀនសូត្រពីផ្ទះសម្រាប់សិស្សនៅគ្រប់កម្រិតចាប់ពីថ្ងៃទី ៨ ខែមេសាដល់ថ្ងៃទី ៤ ខែឧសភាដែលជាផ្នែកមួយនៃវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមដែលរឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ។
លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងអប់រំសិង្ហបុរី បានលើកឡើងក្នុងសភាសិង្ហបុរីកាលពីដើមខែមេសានេះថា បើតាមរបាយការណ៏ស្ទង់មតិរបស់អាជ្ញាធរសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានបង្ហាញថា ៩៨ ភាគរយនៃគ្រួសារដែលមានកូនទៅសាលារៀនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រ ហើយស្ទើរតែ ១០០ ភាគរយមានអ៊ីនធឺណិតប្រើនៅផ្ទះ។
សូមបញ្ជាក់ថា គ្រឹៈស្ថានសិក្សាគ្រប់កំរិតទាំងអស់នៅសិង្ហបុរី ត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេលប្រហែលមួយខែចាប់ពីថ្ងៃទី ៨ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ ៕
ប្រភព៖សារព័ត៌មាន Channel News Asia