សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺ COVID-19 ១,៤២៦នាក់បន្ថែមទៀតរយៈពេលត្រឹមតែមួយថ្ងៃ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសថា នៅថ្ងៃចន្ទនេះបានរកឃើញករណីឆ្លងថ្មីជំងឺCOVID-19 ចំនួន ១,៤២៦ករណីដែលភាគច្រើនកើតឡើងក្នុងចំណោមពលករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០២០។

អាជ្ញាធរសុខាភិបាលសិង្ហបុរីបញ្ជាក់ថា បានចាត់វិធានការក្នុងការកាត់បន្ថយការរីករាលជំងឺCOVID-19 ក្នុងចំណោមប្រជាជនសិង្ហបុរីដោយការតាមដាននិងការឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយទទួលបានការសរសើរពីអង្គការសុខភាពពិភពលោក។មិនតែប៉ុណ្ណោះ អាជ្ញាធរបានបង្កើនការធ្វើតេស្តិ៍នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស តែក្រុមសិទ្ធិមនុស្សនិយាយថា នេះគឺជាកម្សោយរបស់អាជ្ញាធរនៅក្នុងការបង្ការ និងទប់ស្កាត់ ខណៈ​ជំងឺនេះកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ពលករចំណាកស្រុកនៅសិង្ហបុរី។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសសិង្ហបុរីមានករណីឆ្លងសរុបនៃជំងឺ COVID-19 កើនឡើងដល់ ៨,០១៤ នាក់ ស្លាប់ចំនួន ១១ នាក់៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters