ក្រសួងសុខាភិបាលអះអាងថា ពិភពលោកមិនទាន់រកឃើញវ៉ាក់ស៊ាំងការពារជម្ងឺកូវីដ-១៩នៅឡើយទេ

វិទ្យុជាតិកម្ពុជា សេង សុផាន់ណា ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា ពិភពលោកមិនទាន់រកឃើញវ៉ាក់ស៊ាំងការពារជំងឺកូវីដ-១៩នៅឡើយទេ ដោយសារជម្ងឺនេះជាជម្ងឺថ្មីហើយខុសប្លែកពីជម្ងឺផ្សេងៗ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា មកដល់ពេលនេះ ពុំមានការកំណត់អំពីប្រភពជាក់លាក់ណាមួយនៃវ៉ាក់ស៊ាំងព្យាបាលជំងឺកូវីដ-១៩ នោះឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើកិច្ចការងារមួយនេះ និងប្រកាន់ខ្ជាប់នូវវិធានការការពារ ៤ ចំនុច រួមមាន៖ ការទុកដោយឡែកនៃអ្នកជំងឺ ការព្យាបាល ការតាមដាន និងត្រួតពិនិត្យអោយបានឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងទុបស្កាត់ នឹងថែទាំព្យាបាលជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំមានការចម្លងពីខាងក្រៅចូលមកក្នុង ពីខាងក្នុងចូលទៅក្នុងសហគមន៍។
ឯកឧត្តមបន្តថា ប្រសិនបើមានវ៉ាក់ស៊ាំងដែលទទួលស្គាល់ដោយអង្គការសុខាភាពពិភពលោក រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើអោយអង្គការសុខភាពពិភពលោក ផ្តល់មកម្ពុជាមុន ដោយសារស្ថានភាពនៅក្នុងប្រទេសកម្ពុជាអាចគ្រប់គ្រងបានហើយបច្ចុប្បន្ននេះកម្ពុជាពុំទាន់មានការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍ ដែលជាដំណាក់កាលមួយងាយស្រួលក្នុងការទុបស្កាត់និងព្យាបាល។
«ខ្ញុំក៏បានទាមទាជាមួយអង្គការសុខាភាពពិភពលោកថា នៅពេលណាដែលមានថ្នាំព្យាបាលមានប្រសិទ្ធិភាព សូមផ្តល់មកកម្ពុជាមុន ពេលណាដែលមានវ៉ាក់ស៊ាំងដែលទទួលស្គាល់ដោយអង្គការសុខាភាពពិភពលោកសូមផ្តល់អោយកម្ពុជាមុន ទាន់កម្ពុជានៅក្នុងដំណាក់កាលមួយ ដូចថា មិនទាន់ឆ្លងដល់សហគមន៍បាទ ផ្តល់អោយបានមុនជៀសជាងឆ្លងដល់សហគមន៍ហើយយើងធ្វើជាការងារមួយដ៏លំបាក់»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០នេះ នៅកម្ពុជា មានអ្នកជាសះស្បើយពីជម្ងឺកូវីដ-១៩នេះសរុប១០៧នាក់ហើយ ក្នុងចំណោមផ្ទុកចំនួន១២២នាក់ ដូច្នេះនៅសល់តែ១៥នាក់ទៀតតែប៉ុណ្ណោះដែលកំពុងព្យាបាល៕