រាជរដ្ឋាភិបាលបញ្ជាក់ថា យន្តការដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃចំពោះកម្មករនិយោជិត ដែលត្រឡប់មកពីស្រុកកំណើតដើម្បីទប់ស្កាត់ការរីករាលដាល់ជម្ងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី

រាជរដ្ឋាភិបាលបញ្ជាក់ថាយន្តការដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃចំពោះកម្មករនិយោជិតដែលត្រឡប់មកពីស្រុកកំណើតបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។

ក្នុងសន្និសីទព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរដែនដីបានបន្តនីតិវិធីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលបម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីតាមដានសុខភាពរបស់ពួកគាត់ជាមុនសិនហើយប្រសិនក្នុងរយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃបើកម្មករកម្មការនីគាត់មានសុខភាពល្អ និងអនុញ្ញាតឲ្យចូលបម្រើការងារជាធម្មតាវិញ។
ឯកឧត្តមរដ្ឋមន្រ្តីបានអៈអាងថា វិធានការនេះ គឺធានាបានសុវត្ថិភាព និងសុខភាពរបស់កម្មករ ពិសេសបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាល ដាល់ជម្ងឺកូវីដ-១៩ចូលសហគមន៍។
ឯកឧត្តមបានណែនាំកម្មករនិយោជិតឱ្យទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំរបស់ក្រុមអធិការកិច្ចការងារ ក្នុងនោះ ប្រសិនបើកម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមានរោគសញ្ញាសង្ស័យត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត២ ។ មួយវិញទៀតត្រួតពិនិត្យបន្តកម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមិនមានរោគសញ្ញាសង្ស័យត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅកន្លែងស្នាក់នៅរបស់ខ្លួនចំនួន ១៤ថ្ងៃ តាមវិធានចត្តាឡីស័កនៅផ្ទះរបស់ក្រសួងសុខាភិបាល នឹងត្រូវរាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរស័ព្ទអំពីស្ថានភាពសុខភាពរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍បន្តជូនក្រុមគ្រូពេទ្យនៃក្រសួង។
ចំពោះកូវិដ១៩យើងកំពុងធ្វើការងារនេះចំពោះកម្មករដែលបានអញ្ជើញមកពីខេត្តមកកាន់ភ្នំពេញនេះយើងកំពុងធ្វើការងារនេះដើម្បីតាមដានសា្រវជ្រាវជាមួយក្រសួងការងារបណ្តុៈបណ្តាលវិជ្ជាជីវៈអាជ្ញាធរមូលដ្ឋាននិងក្រុមព្រទ្យរបស់យើង។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានផ្ទេរថវិកាជាង១លានដុល្លារទៅក្រសួងការងារបណ្តុៈបណ្តាលវិជ្ជាជីវៈសម្រាប់សម្រាប់ការងារធ្វើចត្តាឡីស័កកម្មករនិយោជិតដែលត្រឡប់មកបម្រើការងារវិញ រួមទំាង តាមដានសុខភាពក្នុងអំឡុងពេលដាក់ពួកគាត់ដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
គួរជម្រាប់ថា ក្រសួងការងារបណ្តុៈបណ្តាលវិជ្ជាជីវៈបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងចំនួន១០កន្លែង សម្រាប់ធ្វើចត្តាឡីស័កចំពោះកម្មករនិយោជិតចំនួន ១៥០០០ម៉ឺននាក់ ដែលបានត្រឡប់ពីស្រុកកំណើតមកចូលធ្វើការវិញ៕