សិស្សកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងសិក្សា បន្ទាប់ពីជួបបញ្ហាកូវីដ-១៩

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ២០ ០៤ ២០២០៖

ជំនាញផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាកូវីដ-១៩ ក៏នៅតែអាចរៀនបាន ដោយការណ៍រៀននេះអាចធ្វើបានតាមអនឡាញដែលភ្ជាប់រវាងសាលារៀន និងសិស្ស។ វិបត្តិនេះជំងឺនេះ ជួយឲ្យសិស្សកម្ពុជាចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងសិក្សា។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានប្រសាសន៍ថា ការរាតត្បាតនៃវីរុសកូវីដ-១៩ មិនមែនជាឧបសគ្គចំពោះអ្នកសិក្សាសតវត្សទី២១ឡើយ ដោយសារមកដល់បច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជាអាចសិក្សាលើមុខជំនាញវិជ្ជាជីវៈ ឬចំណេះដឹងទូទៅបានតាមប្រព័ន្ធអនឡាញ ដែលភាសាអង់គ្លេសថា Online Learning។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសពិធីប្រកាសបើកវគ្គសិក្សាជំនាញតាមប្រព័ន្ធអនឡាញរបស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅថ្ងៃទី២០ ខែមេសានេះ លោកបានបញ្ជាក់ថា ការបង្រៀនពីចម្ងាយនេះ ជួយឲ្យសិស្ស និស្សិត និងគ្រូបង្រៀនជជែក ពិភាក្សា និងសួរដោយផ្ទាល់បាននៅក្នុងម៉ោងសិក្សាដែលបានកំណត់។ លោកមានប្រសាសន៍ថា ក្នុងបរិបទនៃវីរុសកូវីដ-១៩នេះ ក៏ជាការផ្តល់ឱកាសមួយសម្រាប់កម្ពុជាជំរុញការសិក្សា តាមប្រព័ន្ធអនឡាញក្នុងពេលកំពុងឈានទៅចាប់យកបដិវត្តន៍ឧស្សាហកម្ម៤.០។

ទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា នៅក្នុងដំណាក់កាលដំបូងសិស្ស និស្សិត អាចជួបផលវិបាកខ្លះក្នុងការសិក្សាបែបនេះ ដោយសារការរៀននេះ តម្រូវឲ្យនិស្សិត មានកុំព្យូទ័រ ឬ ស្មានហ្វូន ដែលភ្ជាប់សេវាអ៊ិនធើណេត ដើម្បីបង្កលក្ខណៈដល់ការសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងជំរុញ និងលើកទឹកចិត្តឲ្យមានការសិក្សាតាមប្រព័ន្ធអនឡាញ ជំនួសឲ្យការជួបមុខផ្ទាល់រវាងគ្រូ និងសិស្សនៅក្នុងថ្នាក់ ដើម្បីកុំឲ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ជាមួយគ្នានេះ ក៏បានសហការជាមួយក្រសួងព័ត៌មាន រៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី«ការសិក្សាពីចម្ងាយ» និង«ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ស្របពេលកម្ពុជាកំពុងប្រឈមការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីងាយស្រួលដល់សិស្សានុសិស្សរៀនសូត្រ ក្នុងពេលសាលារៀនរដ្ឋ និងឯកជន ត្រូវបានបិទបណ្តោះអាសន្ន ដោយគ្មានការកំណត់ពេលចូលរៀនវិញជាក់លាក់៕