លោក ត្រាំ បញ្ជាក់អំពីទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី  

AKP ភ្នំពេញ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ — កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មានខ្លីមួយនៅសេតវិមានថា លោកមិនឃើញមានការកើនឡើងនូវភាពតានតឹង​ផ្នែកយោធាណាមួយជាមួយប្រទេសរុស្ស៊ី ចំពេល​មានការរីករាលដាលនៃជំងឺរាតត្បាតនេះទេ ដែលធ្វើឱ្យប្រទេសទាំងពីរមាន «ទំនាក់ទំនងល្អណាស់»។

នៅពេលដែលត្រូវបានគេសួរថា ប្រសិនបើ «គូប្រជែងរបស់សហរដ្ឋអាមេរិក» ដូចជាកូរ៉េខាងជើង រុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុង​ព្យាយាមទាញយកផលប្រយោជន៍ពីស្ថានភាពជំងឺឆ្លងមេរោគកូរ៉ូណាវីរុសនេះ ដែលនឹងការធ្វើឱ្យខូចខាតដល់សហរដ្ឋអាមេរិក រារាំង​ដល់​គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើតភាពតានតឹងផ្នែកយោធាដែរឬទេ? លោក ត្រាំ​ បាននិយាយថា «ទេ! ខ្ញុំមិនបានឃើញ​ដូច្នេះទេ។ យើងមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ យើងបានធ្វើការជាមួយគ្នាលើកិច្ចព្រមព្រៀងអំពីប្រេង។ នោះគឺជាកិច្ចព្រមព្រៀងដ៏​សំខាន់ណាស់សម្រាប់ពួកគេ យើងនិងប្រទេសអារ៉ាប៊ីសាអ៊ូឌីត»។

លោក ត្រាំ បាននិយាយថា «ខ្ញុំបានធ្វើការជាមួយលោក ពូទីន និងជាមួយព្រះមហាក្សត្រ [អារ៉ាប៊ីសាអូឌីត] អំពីរឿងនោះ។ លោកប្រធានាធិបតី ពូទីន គឺជាសុភាពបុរសពិតៗ។ វា គឺជារឿងសំខាន់ណាស់ដែលត្រូវធ្វើឱ្យវាសម្រេចបាន។ ព្រះមហាក្សត្រអង្គនោះ​ពិតជាល្អណាស់»។

ក្នុងពេលជាមួយគ្នានេះ លោកបានរំលឹកឡើងវិញនូវទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ប្រឆាំងនឹងទីក្រុងមូស្គូ។

លោក ត្រាំ បាននិយាយថា «គ្មាននរណាម្នាក់តឹងរ៉ឹងជាមួយលោក ពូទីន ជាងខ្ញុំនោះទេ។ មើលទៅលើការដាក់ទណ្ឌកម្ម មើលអ្វីដែលខ្ញុំបានធ្វើជាមួយបំពង់​បង្ហូរប្រេងរបស់ពួកគេចូលទៅកាន់អឺរ៉ុប (បំពង់ Nord Stream-2 – TASS)។ ខ្ញុំលាតត្រដាងអំពីវា។ ឥឡូវនេះ អ្នករាល់គ្នានិយាយអំពីវា ប៉ុន្តែក្នុងពេលតែមួយ ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក ពូទីន។ ខ្ញុំអាចធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត»។ លោកបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងជួយសន្សំសំចៃឧស្សាហកម្មប្រេងសហរដ្ឋអាមេរិក និង​ការងាររាប់រយពាន់នៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ១២ ខែមេសា ប្រទេស OPEC + នៅក្នុងកិច្ចប្រជុំបន្ទាន់មួយបានរៀបចំបញ្ចប់កិច្ចព្រមព្រៀង ស្តីពីការធ្វើឱ្យ​ផលិតកម្មថយចុះនៅក្នុងខែឧសភា – មិថុនា ឆ្នាំ ២០២០៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)