ក្រសួងសុខាភិបាលបន្តព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយរហូតដល់១០៧នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយនៅត្រឹមព្រឹកថ្ងៃទី២០ ខែមេសានេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ មេសា ២០២០៖

ក្រសួងសុខាភិបាលបន្តព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយរហូតដល់១០៧នាក់ ខណៈមិនមានករណីឆ្លងថ្មីឡើយនៅត្រឹមព្រឹកថ្ងៃទី២០ ខែមេសានេះ ប៉ុន្តែក្រសួងនៅតែបន្តអំពាវ នាវដល់ប្រជាពលរដ្ឋឲ្យនៅតែបង្កើនការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពោលគឺមិនត្រូវធ្វេស ប្រហែសឡើយ ដើម្បីទប់ស្កាត់ការចម្លងថ្មីនិងកាត់ផ្តាច់ជម្ងឺកូវីដ-១៩នេះឲ្យមានប្រសិទ្ធភាព ធានាបានសុខភាពសុវត្ថិភាពសាធារណៈ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា នេះមានអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន២នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកជាសរុបកើនដល់១០៧នាក់ ខណៈមិនមានករណីឆ្លងថ្មីមានចំនួន៧ថ្ងៃជាប់ៗគ្នា។
លោកជំទាវបានបញ្ជាក់ថា ទោះបីជាពេលនេះយើងមានសញ្ញាល្អគ្មានអ្នកឆ្លងថ្មីៗក៏ដោយ ប៉ុន្តែ ស្ថានភាពរបស់កម្ពុជានៅតែមានលក្ខណៈផុយស្រួយនៅឡើយ ដោយទាមទារឲ្យប្រជាពលរដ្ឋ នៅតែបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងធ្វើអនាម័យឲ្យបានល្អជាប់ជាប្រចាំតាមគោល ការបច្ចេកទេសរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ចម្លងថ្មីនៃជម្ងឺកូវីដ-១ នៅកម្ពុជា។
អញ្ចឹងការរាតត្បាតនេះគឺលឿនមែនទែន ចឹងខ្ញុំសូមជម្រាបជូនថានៅក្នុងពេលខាងមុខនេះ យើងមិនត្រូវប្រហែសទេ។ យើងនឹងអាចឆ្លងប្រសិនបើបុគ្គលគ្រប់រូបភ្លេចខ្លួន ហើយគាត់បែរជាគិតថាយើងអស់មានបញ្ហាកូវីដ-១៩ហើយ។ ហើយវិធានការនៃការពារខ្លួនរបស់យើងមិនបានបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនទេនោះ អញ្ចឹងការរាតក្បាតយើងក៏និយាយមិនបានទៀតការវាយលុកនៃវីរុសវាកូវីដ-១៩ហ្នឹងនឹងអាចកើតមានឡើង។ ដូច្នេះហើយបានជាស្ថិតនៅក្នុងដំណាក់កាលដោយផុយស្រួយនេះ ដែលយើងអត់ចង់ឃើញ យើងអត់ចង់ឲ្យកើតមាននូវការចម្លងចូលទៅក្នុងសហគមន៍យើងទេ។ បច្ចុប្បន្ននេះខ្ញុំតែងតែបានពន្យល់រួចហើយថា យើងឋិតនៅក្នុងខ្សែបន្ទាត់ក្រហម អញ្ចឹងជើងរបស់យើងកុំអោយឆ្លងផុតពីខ្សែបន្ទាត់ក្រហមនេះឱ្យសោះ។ ធ្វើម៉េចឱ្យនៅប៉ុណ្ណឹង ហើយយើងខិតខំថែរក្សាធ្វើម៉េចបុគ្គលគ្រប់រូបនេះ គឺត្រូវបន្តអនុវត្តនូវវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសគឺបទបញ្ជាដែលបានដាក់ចេញដោយសម្ដេច តេជោហ៊ុនសែននៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ អញ្ចឹងខ្ញុំសូមជម្រាបជូននៅពេលខាងមុខនេះយើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ចហើយករណីដែលមិនបានលើកឡើងថាស្កន់វេននឹងអាចកើតមាន ប្រសិនបើយើងមានការធ្វេសប្រហែសហើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជាសះស្បើយសរុបកើនដល់១០៧នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមានត្រឹមតែ១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕