ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំព្រេច បានចុះបញ្ជីជាដីរដ្ឋ ដើម្បីការពារធនធានធម្មជាតិតំបន់នោះឲ្យបានគង់វង្ស

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២០ ០៤ ២០២០៖

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគិរី បានចុះបញ្ជីជាដីរដ្ឋ ដើម្បីការពារធនធានធម្មជាតិនិងជីវៈចំរុះនៅទីនោះឲ្យបានគង់វង្ស ជៀសវាងការទន្រ្ទានយកជាកម្មសិទ្ធិពីជនខិលខូច។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថា ការចុះបញ្ជីដែនជម្រកសត្វព្រៃភ្នំព្រេចជាដីរដ្ឋនេះ គឺដើម្បីរៀបចំឲ្យមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន តាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ។
សំឡេង« អ្វីដែលយើងធ្វើមកដូចជា ជាង១ឆ្នាំជិត២ឆ្នាំហើយទំរាំបានសម្រេច ។ ហើយសម្រេចនេះយើងបានចុះបញ្ជីនិងចេញប័ណ្ឌរួចរាល់បាន៨ប័ណ្ឌ នៅក្នុងនោះតំបន់ស្នូលយើងបានចុះរួចហើយ ហើយតំបន់អភិរក្សយើងបានចុះរួចរាល់ហើយដែរ។ អញ្ចឹងយើងនៅសល់២តំបន់ទៀត តំបន់ចីរភាពនិងតំបន់សហគមន៍ យើងនិងធ្វើការចុះបញ្ជីនៅពេលបន្ទាប់តទៅទៀត » ។
លោក កែវ សុភគ៌ បានបន្តថា ការចុះបញ្ជីដែនជម្រកសត្វព្រៃនេះ គឺអនុវត្តទៅតាមច្បាប់និងលិខិតបទដ្ឋានគិតយុត្ត ពាក់ព័ន្ធពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨និងច្បាប់ភូមិបាល ឆ្នាំ២០០១ ហើយនិតិវិធីនិងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានធ្វើឡើងទៅតាមគោលការណ៍នៃការកំណត់និងបែងចែកតំបន់គ្រប់គ្រងការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិ និមួយៗ ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ក្នុងនោះដែនជម្រកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគីរី មានផ្ទៃដីសរុប ៤៥.៥១៩,២៦ ហិកតា ផងដែរ ៕