ម៉ាឡេស៊ីរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៨៤ នាក់បន្ថែមទៀតភាគច្រើនជាក្រុមឆ្លងថ្មីដែលទើបមកពីឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៨៤ករណីបន្ថែមទៀតដែលជាក្រុមចង្កោមនៃការចម្លងថ្មីទើបត្រលប់ មកពីប្រទេសឥណ្ឌូនេស៊ី នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥,៣៨៩នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលឆ្លងថ្មីខាងលើមាននិស្សិតម៉ាឡេស៊ីចំនួន ៤៣ នាក់ ដែលត្រឡប់មកពីឥណ្ឌូនេស៊ីតាមអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួកាលពីថ្ងៃទី ១៦ ខែមេសា។លោកវេជ្ជបណ្ឌិតបន្តថា និស្សិតទាំងនោះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាដើម្បីធានាថាករណីដែលបាននាំចូលជំងឺនេះមិនឆ្លងដល់អ្នកក្នុងសហគមន៍។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះនៅប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺ COVID-19 ទូទាំងប្រទេសចំនួន ៥,៣៨៩នាក់ ស្លាប់ ៨៩នាក់ និងអ្នកដែលបានជាសះស្បើយកើនដល់ ៣,១៩៧នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia