មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា អះអាងថា ការដាំដុះដំណាំនៅក្នុងបរិវេណវត្តអារាមគឺជាគំរូដ៏ល្អ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស

ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាអះអាងថាការដាំដុះដំណាំនៅក្នុងបរិវេណវត្តអារាមគឺជាគំរូដ៏ល្អ ព្រោះមិនត្រឹមតែបានជួយដល់ជីវភាពរបស់ព្រះសង្ឃនោះទេ ថែមទាំងជួយលើកសោភណ្ឌ័ភាពនៅក្នុងបរិវេណវត្តអោយបានស្អាតផងដែរ ។

សន្និសីទសារព័ត៌មាន ស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងធម្មការ និងសាសនា » កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ការដែលព្រះសង្ឃដាំ បន្លែបង្ការនៅតាមវត្តអារាមនេះ គឺមិនខុសពីក្នុងគោលការណ៍ធម៌វិន័យរបស់ពុទ្ធសាសនានោះទេ ថែមទាំងបានជួយកែលម្អទេសភាពក្នុងវត្តអារាមអោយមានភាពបៃតង និងមានសោភ័ណភាពស្អាតទៀតផង ។
ឯកឧត្តមបានបន្តថា តាមគោលការណ៍ធម៌វិន័យរបស់ពុទ្ធសាសនា គឺមិនមានការធ្វើអាជីវកម្ម ឬកសិកម្មណាមួយនោះទេ ប៉ុន្តែការដាំដុះដំណាំនៅតាមវត្តនេះ ក៏មិនមានអ្វីខុសឆ្គងដែរ ព្រោះនៅក្នុងវត្តអារាមនីមួយៗ មានទីធ្លាធំទូលាយ ដូច្នេះព្រះសង្ឃក៏អាចដាំដំណាំបន្លែបង្ការ ដែរជាផលប្រយោជន៍សម្រាប់ បរិភោគ ប្រើប្រាស់ ក៏ជាការធ្វើជាពលកម្ម ហត្ថកម្មរបស់ព្រះសង្ឃ ដើម្បីថែរក្សាសុខភាពអោយបានល្អផងដែរ ។
សម្លេង ៖« កន្លងមកយើងមើលឃើញថាតាមទីវត្តអារាមធំៗ មានដើមឈើធំៗ ដែលជាការបង្ហាញការថែរក្សាបរិស្ថាន ហើយអាចដាំជាដំណាំហូបផ្លែចេកដូងស្វាយ អាចកដំណាំជី ដែលអាចប្រើប្រាស់តម្រូវការក្នុងវត្ត ជាសហគមន៍របស់ព្រះសង្ឃមិនមានទាស់ខុសនឹងច្បាប់រដ្ឋ ហើយក៏មិនមានការដាក់បញ្ជាត្រូវតែធ្វើ តែសូមឱ្យគិតគូរអំពីបរិស្ថាន » ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានព្រះសង្ឃចំនួន ៧១៦១០អង្គ និងមានវត្តចំនួន ៥០២៤វត្ត ៕