អ្នកនាំពាក្យក្រសួងធម្មការបញ្ជាក់ថា ចង្ហាន់របស់ព្រះសង្ឃមិនមានការខ្វះខាតនោះទេ ទោះបីមានការផ្ទុះជំងឺCOVID-19ក៏ដោយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

អ្នកនាំពាក្យក្រសួងធម្មការបញ្ជាក់ថា ចង្ហាន់របស់ព្រះសង្ឃមិនមានការខ្វះខាតនោះទេ ទោះបីមានការផ្ទុះជំងឺCOVID-19 ក៏ដោយខណៈពុទ្ធបរិស័ទនៅតែបន្ដយកចង្ហាន់ទៅប្រគេនព្រះសង្ឃដដែល គ្រាន់តែមិនមានការជួបជុំគ្នាច្រើននៅវត្តតែប៉ុណ្ណោះ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងធម្មការ និងសាសនា កាលពីព្រឹកថ្ងៃទី១៧ ខែមេសា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ប្រសិនបើឥទ្ធិពលរបស់ជំងឺ COVID-19 នៅតែបន្ដអូសបន្លាយដោយជះឥទ្ធិពលខ្លាំងដល់ប្រទេសកម្ពុជានោះ ការជួបជុំលក្ខណៈសាសនា នៅតែរឹតត្បិតដដែល ហើយសាសនិកទាំងអស់ត្រូវអនុវត្តតាមអ្វី ដែលជាវិធានរបស់ក្រសួងសុខាភិបាល ។

ឯកឧត្តមបញ្ជាក់ថា​បើទោះពីជាក្នុងស្ថានភាពរឹតបណ្តឹងមិនឱ្យជួបជុំគ្នាច្រើនក្តី តែប្រជាពលរដ្ឋអាចតែបន្តធ្វើបុណ្យទានតាមប្រពៃណី និងជំនឿសាលារបស់ពួកគេដដែលគ្រាន់តែប្រកាន់ភ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ឱ្យបានល្អ។

សំឡេង ៖ បើសិនជាក្នុងករណីថាកូវីដ១៩នេះ ត្រូវអូសបន្លាយ គឺរាជរដ្ឋាភិបាល លោកបានគិតគួរហើយចំណុចជួបជុំសាសនា ហើយការណែនាំនៃការជួបជុំនោះ គឺនៅមានប្រសិទ្ធភាពនៅឡើយទេ គឺចឹងយើងនឹងបន្តអនុវត្ត ព្រោះចំណុចនៃការធ្វើបុណ្យភ្ជុំក្តី ចូលឆ្នាំក្តី មិនខុសគ្នាទេគឺថាជាបុណ្យប្រពៃណី អញ្ចឹងទេនៅតែធ្វើ តែមិនឲ្យជួបជុំគ្នាច្រើន ជាក់ស្ដែងគឺចូលឆ្នាំប៉ុន្មានថ្ងៃនេះ គឺយើងនៅតែមានវិធីទទួលទេវតា មានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ប៉ុន្តែលក្ខណៈ​តិច ហើយយើងទទួលបានទិន្នន័យទូទាំងប្រទេសថា ព្រះសង្ឃមិនមានចំណុចណាមួយខ្វះខាតចង្ហាន់អ្វីទេ ព្រោះប្រជាពុទ្ធបរិស័ទគាត់ជឿ អញ្ចឹងគាត់នៅយកចង្ហាន់ទៅវត្តប្រគេន ហើយគាត់ប្រញាប់ត្រឡប់មកផ្ទះវិញ ជួបជុំក្រុមគ្រួសារគាត់វិញ មិនជាចំណុចអ្វីហានិភ័យធំនោះទេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងការស្នាក់នៅក្នុងវត្តអារាម គឺមានការគ្រប់គ្រងយ៉ាងតឹងរឹង ពីសំណាក់ព្រះចៅអធិការនៅតាមវត្តនីមួយៗ ហើយគ្រប់វត្តអារាមក៏តែងតែធ្វើការអប់រំជាបន្ដបន្ទាប់ នូវអ្វីដែលជាសាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពីការបង្ការ ការពារ និងទប់ស្កាត់ជំងឺរាតត្បាតសកលនេះ ។

សូមបញ្ជាក់ថា សម្រាប់វិធានការណ៍ការពារចំពោះព្រះសង្ឃ គឺតម្រូវឲ្យពាក់ម៉ាស់ ឬរបាំងការពារមុខ ដូច្នេះការពាក់ម៉ាស់ ឬរបាំងមុខការពារនេះ មិនខុសនឹងវិន័យសង្ឃនោះឡើយ ៕