ក្រសួងការងារដាក់ចេញវិធានការចត្តាឡីស័ករយៈពេល១៤ចំពោះកម្មករនិងយោជិតដែលត្រឡប់មកពីស្រុកំណើត​ក្រោយចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ ក្រសួងការងារដាក់ចេញវិធានការចត្តាឡីស័ករយៈពេល១៤ចំពោះកម្មករ និងយោជិតដែលត្រឡប់មកពីស្រុកំណើតក្រោយចូលឆ្នាំខ្មែរដើម្បីការងារ និងបង្ការរីករាលដាលវីរុសកូវីដ-១៩។

នៅថ្ងៃទី១៧ខែមេសានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសដាក់វិធានការចត្តាឡីស័ករយះពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនិងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ ក្នុងនោះក្រសួងបានចាត់វិធានការមួយចំនួនដូចជា៖ ចំពោះម្ចាស់ ឬនាយករោងចក្រ នៅរាជធានីភ្នំពេញ ក្រសួងការងារ បានណែនាំដូចតទៅ ត្រូវរៀបចំបន្ទប់ដោយឡែក នៅក្នុងទីតាំងសមស្របមួយ សម្រាប់ចុះវត្តមានកម្មករនិយោជិត ដែលបានវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីឈប់សម្រាកពីការងារ, ចាត់តាំងបុគ្គលិករដ្ឋបាលឱ្យរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលបានវិលត្រឡប់ចូលបម្រើ ការងារវិញបន្ទាប់ពីឈប់សម្រាកពីការងារ ដើម្បីប្រគល់ជូនអធិការការងារនៅរៀងរាល់ថ្ងៃម៉ោង២រសៀល។

ណែនាំកម្មករនិយោជិត ឱ្យទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំ របស់អធិការការងារ ក្នុងនោះកម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមានរោគសញ្ញាសង្ស័យត្រូវបញ្ជូនទៅ មណ្ឌលចត្តាឡីស័កកម្រិត២ ដើម្បីត្រួតពិនិត្យបន្ត, កម្មករនិយោជិត ដែលត្រូវបានត្រួតពិនិត្យឃើញមិនមានរោគសញ្ញាសង្ស័យត្រូ វដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែក នៅកន្លែងស្នាក់នៅរបស់ខ្លួនចំនួន ១៤ថ្ងៃ តាមវិធានចត្តាឡីស័ក នៅផ្ទះរបស់ ក្រសួងសុខាភិបាល និងត្រូវរាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរសព្ទអំពីស្ថានភាពសុខភាព របស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍ណ៏បន្ត ជូនក្រុមគ្រូពេទ្យនៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្មករនិយោជិត ដែលមិនមានកន្លែងស្នាក់នៅដោយសារមូលហេតុណាមួយ ដូចជា មានសំណូមពរពីម្ចាស់ផ្ទះជួល ឬស្នាក់នៅជាមួយ ដែលមិនទាន់អនុញ្ញាតឱ្យចូលស្នាក់នៅ ត្រូវជូនដំណឹងមកក្រុមគ្រូពេទ្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទំនាក់ទំនង បញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត១ ណាមួយ,មិនមានកាតព្វកិច្ច ផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតណាម្នាក់ ដែលឈប់សម្រាកដោយឯកឯង គ្មានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ, មានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលត្រឹមចំនួន ៧ថ្ងៃ ជូនកម្មករនិយោជិតណាម្នាក់ដែលឈប់សម្រាក ដោយមានការអនុញ្ញាតពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័ក។ ដោយឡែក កម្មករនិយោជិត ដែលវត្តមាន ដោយមានការអនុញ្ញាតរបស់និយោជក ដោយសារមានធុរៈពិសេសដូចជា ប្រពន្ធឆ្លងទន្លេ ឬជីដូនជីតា ម្ដាយឪពុក ប្ដីប្រពន្ធ កូន ទទួលបណភាពត្រូវទទួលបានប្រាក់ឈ្នួលចំនួន ១៤ថ្ងៃ ពេញដដែល, បន្តតាមដាន សុខភាព ផ្តល់ម៉ាស និងតម្រូវឲ្យពាក់ម៉ាសជាដាច់ខាតចំពោះកម្មករនិយោជិត ដែលទើបបញ្ចប់ការធ្វើចត្តាឡីស័ក ឬទើបចូលធ្វើការ៕