ប្រទេសចិន ស្នើដល់ធនាគារពិភពលោកផ្អាកការទូទាត់បំណុលសម្រាប់ប្រទេសក្រីក្របំផុតដែលញាំញីដោយជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង
ប្រទេសចិន បានស្នើដល់ធនាគារពិភពលោកអនុគ្រោះដល់ប្រទេស ក្រីក្របំផុតផ្អាកការទូទាត់បំណុល ខណៈប្រទេសទាំងនោះកំពុងដោះស្រាយជាមួយនឹងវិបត្តិនៃការឆ្លងរាតត្បាតជំងឺ COVID-19។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ សុក្រ ទី ១៧ ខែ មេសា ឆ្នាំ ២០២០។
លោក Liu Kun រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនបានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់គណៈកម្មាធិការអភិវឌ្ឍន៍ធនាគារពិភពលោកថា គ្រប់ភាគីទាំងអស់គួរតែចូលរួមក្នុងសកម្មភាពរួមគ្នាដែលបានឯកភាពដោយក្រុមប្រទេសជាសមាជិកទាំង ២០ ដើម្បីដោះស្រាយភាពងាយរងគ្រោះនៃបំណុលនៅពេលមានការរីករាលដាលនៃជំងឺ COVID-19 ។រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនបានលើកឡើងទៀតថា ក្នុងនាមជាម្ចាស់បំណុលទ្វេភាគីប្រកបដោយការទទួលខុសត្រូវ ប្រទេសចិននឹងចូលរួមយ៉ាងសកម្មក្នុងការពិគ្រោះយោបល់ទ្វេភាគីជាមួយបណ្តាប្រទេសខ្ចីប្រាក់ដើម្បីដាក់ឱ្យអនុវត្តនូវការរៀបចំសម្រាប់ការផ្អាកការទូទាត់ប្រាក់បំណុលដែលក្រុមប្រទេស G20 សម្រេចបានតាមរយៈការព្រមព្រៀងគ្នា៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters