អ្នកនាំពាក្យក្រសួងធម្មការបញ្ជាក់ថា គិតមកដល់ពេលនេះគ្រប់សាសនាទាំងអស់នៅកម្ពុជា គឺមិនមានការជួបជុំទ្រង់ទ្រាយធំនោះទេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ដើម្បីបង្ការការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអនុវត្តន៍តាមការណែនាំរបស់ប្រមុខ​រាជ​រដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់ការជួបជុំទ្រង់ទ្រាយធំៗគ្រប់សាសនា​ទាំងអស់​នៅកម្ពុជា គឺមិនមាននោះទេ ដោយយើងមិនទាន់បើកចំហរឱ្យមានការជួបជុំឱ្យ​បានទូលំទូ​លាយ​នោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​ក្រសួងធម្មការ និងសាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្តរបស់ក្រសួងធម្មការ និងសាសនា ដែលរៀបចំឡើងដោយអង្គភាពអ្នក​នាំពាក្យ​រដ្ឋាភិបាល​នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តម សេង សុមុនី បានលើកឡើងថា បច្ចុប្បន្ននេះការប្រតិបត្តិសាសនារបស់ពុទ្ធ​សាសនិក ក៏ដូចជាអ្នកកាន់សាសនាដទៃទៀត គឺមានការអនុវត្តដូចគ្នា ដោយមានការប្រតិបត្តិ​តាមជំនឿសាសនារៀងៗខ្លួន។ ឯកឧត្ដមបានបន្ដថា ក្នុងនោះសម្រាប់ព្រះពុទ្ធសាសនា គឺមាន​ការជួបជុំក្នុងលក្ខណៈតូចតែប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យព្រះសង្ឃមួយអង្គ ឬពីរអង្គ ចាំទទួល​ពុទ្ធបរិស័ទប្រគេនចង្ហាន់ តាមទម្លាប់ដែលបានអនុវត្តន៍កន្លងទៅ។ ឯកឧត្តមរដ្ឋលេខាធិការ​បានបន្ថែមថា យើងមិនទាន់បើកទូលំទូលាយឱ្យមានការជួបជុំចំហរណាមួយនៅឡើយទេ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឱ្យបិទការ​ជួប​ជុំបែប​សាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល​ជំងឺ​កូវីដ-១៩។  ជាមួយគ្នានេះ ការប្រកាសឱ្យបិទការជួបជុំបែបសាសនាគ្រប់​ប្រភេទនៅទូទាំង​ប្រទេស​នេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនា​ផ្សេងៗ​ទៀត ដែលចាប់អនុវត្តន៍ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានភាព​ជំងឺកូវីដ-១៩ មានភាពធូរស្រាល ៕

ដោយ ចាន់ សុធីវង្ស