សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃជំងឺCOVID-19 ចំនួន ៧២៨ ករណី ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ

វិទ្យុជាតិកម្ពុជា៖លោក ឈុន លាង
ប្រទេសសិង្ហបុរីបានរាយការណ៍ថា ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលបានរកឃើញអ្នកផ្ទុកថ្មីនៃជំងឺ COVID-19 ចំនួន៧២៨នាក់បន្ថែមទៀតជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៤,៤២៧ នាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើនេះ មាន៦៥៤ករណីមានជាប់ពាក់ព័ន្ធនឹងទៅនឹងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុកខណៈកាលពីថ្ងៃពុធមានករណីឆ្លងត្រឹម ៤៤៧ប៉ុណ្ណោះ។ក្រសួងសុខាភិបាលបានអះអាងថា ទោះយ៉ាងណាមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់នោះទេ ដូច្នេះចំនួនអ្នកស្លាប់ដោយ COVID-19 នៅត្រឹម១០នាក់ដដែល។
សូមបញ្ជក់ថា ថ្វីបើសិង្ហបុរីទទួលបានការសរសើរពីអង្គការសុខភាពពិភពលោក WHO លើវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង COVID-19 ក៏ដោយ ជំងឺនេះកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍ដ៏ធំនៃពលករចំណាកស្រុក ដែលក្រុមសិទ្ធមនុស្សនិយាយថា វាបង្ហាញពីកម្សោយនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters