សម្តេចតេជោហ៊ុនសែនរំលឹកការចងចាំថ្ងៃ១៧ មេសាជារបបប្រល័យពូជសាសន៍ប៉ុលពត

វិទ្យុជាតិកម្ពុជា៖
MC:  សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ នៅក្នុងផេកហ្វេកប៊ុកផ្លូវការរបស់សម្តេចថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។

សម្តេចតេជោបញ្ជាក់ថា ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ ។
សម្តេចតេជោបានបញ្ជាក់ថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។
សម្តេចតេជោបន្ថែមថាយើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយសូមអរគុណសន្តិភាព៕