កម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកកាន់ប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ កម្ពុជា សម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកកាន់ប្រទេសកម្ពុជា រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។
យោងតាមលិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចពន្យាសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជាឡើយ។ ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។
លិខិតក្រសួងការបរទេសបានបន្តថា រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក។
សូមបញ្ជាក់ថា បើតគិតត្រឹមម៉ោង ៧ និង០០ នាទី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះមាន៩៨នាក់ បានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែល២៤នាក់ទៀត កំពុងព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ទោះជាស្ថានភាពអ្នកជាសះស្បើយច្រើនយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វេសប្រហែសចំពោះការការពារខ្លួនឡើយ៕