គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នឹងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដង

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នឹងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដង ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់តាម អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងប្រាក់ពិន័យពី៣ទៅ៥ដង ។ដូច្នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែល បញ្ជាក់ថា អនុវត្តប្រកាសលេខ០០៦/២០គ.ស.ច.គ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានកំណត់យកឆ្នាំ២០២០ ក្នុងការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេស បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន១៥០លើក ស្មើ១៤ភាគរយ ចំនួនអ្នកស្លាប់ថយចុះ២០ នាក់ ស្មើ៤ ភាគរយ និងចំនួនអ្នករងរបួសថយចុះ២៧៧ នាក់ ស្មើនឹង១៧ភាគរយ បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០១៩ ។កំរិតនៃការថយចុះនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។ទោះបីជាយ៉ាងនេះក្តី យើងកត់សំគាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនគួរឱ្យបារម្ភធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈ៕