គិតត្រឹមព្រឹកថ្ងៃ១៧មេសាសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត-១៩មានចំនួនទឹកប្រាក់ចំនួនជាង១៣លាន៥សែនដុល្លារ

វិទ្យុជាតិកម្ពុជា៖
MC: សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ១៧មេសា២០២០នេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត-១៩មានចំនួនទឹកប្រាក់ចំនួន១៣.៥៩៧.២៩៥ដុល្លារដោយមិនទាន់គិតពីជំនួយជាសំភារះ
បរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូសំភារះពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
យោងតាមផេកផ្លូវការរបស់សម្តេចតេជោហ៊ុនសែន ដែលបានផ្សាយចេញនៅព្រឹកថ្ងៃទី ១៧ ខែមេសានេះថា ការរួមវិភាគទានតាមរយះការបរិច្ចាគបៀវត្សទាំងស្រុងឬមួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦មេសា២០២០នេះមានចំនួន១៤.៧៥១នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណះ។
សម្តេចតេជោបន្ថែមថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិមន្ត្រីរាជការគ្រប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕