រាជរដ្ឋាភិបានកម្ពុជាបន្តពង្រីកផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

រាជរដ្ឋាភិបានកម្ពុជាបន្តពង្រីកផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC : រាជរដ្ឋាភិបានកម្ពុជាបន្តពង្រីកផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីអោយមានភាពធំទូលាយ ងាយស្រួលដល់ការធ្វើដំណើរ នឹងចុះចត់ ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនិងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានមានប្រសាសន៍អោយដឹងថា បច្ចុប្បន្ននេះ ការសាងសង់ផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះ គឺសម្រេចបាន២៥០០ម៉ែត្រហើយ និងកំពុងបន្តសាងសង់ ៨០០ម៉ែត្របន្ថែមទៀត ដើម្បីឲ្យដល់៣៣០០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២០នេះ ។
ឯកឧត្តមបានបន្តថា ការពង្រីកចម្ងាយផ្លូវឱ្យបាន៣៣០០ម៉ែត្រនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់យន្តហោះគ្រប់ប្រភេទអោយមានលទ្ធភាពហោះហើរបានចម្ងាយឆ្ងាយ ខណៈបច្ចុប្បន្ននេះ នៅកម្ពុជាមានលទ្ធភាពហោះបានតែ៦ម៉ោង ទៅដល់ប្រទេសចិន កូរ៉េ ឥណ្ឌូនេស៊ី និងឌួប៉ៃប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលដែលផ្លូវនេះ ពង្រីករួចរាល់ ប្រទេសកម្ពុជាយើងនឹងមានលទ្ធភាពហោះហើរ ទៅដល់ប្រទេសអ៊ឺរ៉ុបមួយចំនួនដូចជាប្រទេសបារាំងជាដើម ។
សម្លេង « អញ្ចឹងគឺអ្វីដែរយើងត្រៀម នៃព្រលានយន្តហោះខេត្តព្រះសីហនុនេះគឺនៅចុងខែមិថុនានេះ យើងនឹងចប់រ៉ានវេរចំងាយឆ្ងាយ៣៣០០ម៉ែត្រ គឺដើម្បីអោយយន្តហោះប្រភេទធំ ចុះនឹងឡើង ហើយហោះបានចំងាយឆ្ងាយ ដែលបច្ចុប្បន្ននេះយើងហោះបាន៦ម៉ោង តែពេលនៅកំពុងសោមដែលធ្វើបាន៣៣០០ម៉ែត្រ គឺយើងអាចហោះលងហល់បាន បានរយ:ពេល១២ម៉ោង » ។
ឯកឧត្តមបន្ថែមថា ក្រោយវិស័យអាកាសចរណ៍ដំណើរការប្រសើរឡើងវិញ ប្រសិនបើជំងឺកូវីតបញ្ចប់ទៅ ផ្លូវនេះនឹងចាប់ផ្តើមបើកដំណើរការចាប់ពីខែមិថុនាខាងមុននេះ ។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះ នឹងពង្រីកកន្លែងចុះចតឱ្យបានច្រើនជាងមុន ដើម្បីទទួលបានអ្នកដំណើរកាន់តែច្រើន ។
សូមបញ្ជាក់ថា ការពង្រីកអាកាសយាន្តដ្ឋាននេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ កម្ពុជានឹងសិក្សាក្នុងពង្រីកសមត្ថភាពដែនអាកាសបន្ថែមទៀត ដើម្បីស្រូបយកការហោះហើរ រំលងលើកម្ពុជា ដែលជួយទាញប្រភពចំណូលមួយផ្នែកបន្ថែមទៀតចូលថវិកាជាតិ ៕