រដ្ឋាភិបាលរុស្ស៊ីនឹងបង្កើតវិធានការជួយគាំទ្រថ្មីៗទៀត​ ចំពេលដែលកំពុងមានការរីករាលដាល

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានធានាថា រដ្ឋាភិបាលនឹងបន្តធ្វើការលើ​វិធានការថ្មីៗបន្ថែមទៀតដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងពេលដែលកំពុងមានជំងឺរាតត្បាត។

លោកបាននិយាយថា «ជំហានបន្ទាប់ គឺដើម្បីអភិវឌ្ឍ និងអនុម័តវិធានការណ៍សម្រាប់វិស័យនីមួយៗនៃសេដ្ឋកិច្ច»។ លោកបាន​រំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីណែនាំរួចហើយក្នុងការបែងចែកមូលនិធិដើម្បីគាំទ្រដល់ការធ្វើដំណើរ​តាមអាកាស។ លោក Mishustin បាននិយាយថា «ខ្ញុំស្នើសុំឱ្យក្រសួងតាមវិស័យរៀបចំសំណើសម្រាប់វិស័យសំណង់ អាកាសចរណ៍​ស៊ីវិល និងឧស្សាហកម្មធុនស្រាល»។ លោកបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលនឹងបន្តធ្វើការងារទៅលើកិច្ចអភិវឌ្ឍវិធានការគាំទ្របន្ថែម​ទៀត»។

កាលពីថ្ងៃពុធនេះ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈរដ្ឋមន្រ្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើសុំឱ្យ​រដ្ឋាភិបាលរៀបចំវិធានការគាំទ្រសេដ្ឋកិច្ចថ្មីៗទៀត ចំពេលដែលកំពុងមានការឆ្លងរាតត្បាតនៃវីរុសនេះ។ យោងទៅតាមលោក ប្រធានាធិបតីបានឱ្យដឹងថា វាជាការចាំបាច់ណាស់ដែលត្រូវធ្វើការវាយតម្លៃជានិច្ចនូវប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃវិធានការដែលបាន​អនុវត្ត ហើយលោកប្រធានាធិបតីប្រាកដថា ដំណោះស្រាយថ្មីៗនឹងត្រូវបានទាមទារឱ្យមានទាំងផ្នែកសេដ្ឋកិច្ចទាំងមូល និងក្នុងវិស័យ                  ​នីមួយៗ។ លោក ពូទីន បានបញ្ជាឱ្យរៀបចំសេចក្តីសម្រេចបែបនេះក្នុងពេលឥឡូវនេះ ដែលមានន័យថា ត្រូវអនុវត្តឱ្យបានឆាប់រហ័ស នឹងដាក់ផែនការសកម្មភាពជាក់លាក់សម្រាប់មូលដ្ឋាននីមួយៗនៃវិស័យគាំទ្រសេដ្ឋកិច្ច រួមទាំងការគាំទ្រកម្មវិធីជំនួសការនាំចូលក្នុង​ឧស្សាហកម្ម។ លោកប្រធានាធិបតីមានបំណងពិចារណាអំពីស្ថានភាពនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ចដោយសារតែជំងឺរាតត្បាតឆ្លង៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)