ក្រសួងសុខាភិបាល នឹងចាត់វិធានការផ្លូវច្បាប់ចំពោះហ្វេសប៊ុកចំនួនពីរដែលធ្វើការផ្សព្វផ្សាយលក់ឧបករណ៍វាស់កម្ដៅ ម៉ាស ជែលនិងសារធាតុសម្លាប់មេរោគដែលគ្មានលេខបញ្ជីការច្បាស់លាស់

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ ក្រសួងសុខាភិបាល ប្រកាសពីវិធានការផ្លូវច្បាប់ចំពោះហ្វេសប៊ុកចំនួនពីរ ដែលធ្វើការផ្សព្វផ្សាយលក់ឧបករណ៍វាស់កម្ដៅ ម៉ាស ជែលនិងសារធាតុសម្លាប់មេរោគ ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ និងគ្មានច្បាប់ពីក្រសួង។
តាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានគណនីឈ្មោះ Koung Rich និង Xing Kim កំពុងផ្សព្វផ្សាយលក់ឧបករណ៍វាស់កម្ដៅ ម៉ាស ជែល និងសារធាតុសម្លាប់មេរោគ គ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ និងគ្មានច្បាប់ពីក្រសួងសុខាភិបាល។ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផល ឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ និងគ្រឿងសំអាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដូចនេះប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ និងគ្រឿងសំអាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក គឺទី១.ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន និងទី២.ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រើប្រាស់ផលិតផល ឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ ឬផលិតផលគ្រឿងសំអាងដែលបានផ្សព្វផ្សាយលក់តាមគណនីទាំងពីរខាងលើ និងតាមប្រភពផ្សេងៗទៀត ព្រោះគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាលឡើយ ផលិតផលទាំងនោះមិនអាចធានាបាននូវគុណភាព ស្របតាមបទដ្ឋានកំណត់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមាន ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងពីរ នឹងជនដទៃទៀតដែលនៅតែបន្តលក់ផលិតផល ឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ ឬផលិតផលគ្រឿងសម្អាង ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកា ឬប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល៕