ឥណ្ឌូណេស៊ីធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង និងជប៉ុន ក្នុងការផលិតសម្ភារៈវេជ្ជសាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ — កាលពីថ្ងៃទី១៦ ខែមេសា រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា ប្រទេសរបស់លោកស្រីកំពុងសហការជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន ក្នុងការផលិតឧបករណ៍សម្ភារៈវេជ្ជសាស្រ្ត ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកស្រីបាននិយាយថា ផែនការផលិតកម្មរួមគ្នានេះមានគោលបំណងដោះស្រាយការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ ដូចជា​ឧបករណ៍ការពារ របាំងបិទមុខវេជ្ជសាស្រ្ត និងឧបករណ៍ផ្សេងៗទៀត។

លោកស្រី Retno ក៏បាននិយាយផងដែរនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណេតថា ក្រៅពីប្រទេសទាំងពីរ ឥណ្ឌូណេស៊ីក៏បានស្នើសុំឱ្យប្រទេសតួកគី ដើម្បីអនុញ្ញាតឱ្យប្រទេសឥណ្ឌូណេស៊ីនាំចូល វត្ថុធាតុដើមដែលត្រូវការ ដើម្បីផលិតឧបករណ៍វេជ្ជសាស្រ្ត។

លោកស្រីបាននិយាយថា លោកស្រីក៏កំពុងប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសដទៃៗទៀត ដើម្បីធ្វើការរួមគ្នា ​ក្នុងការបង្កើតកម្លាំងរួមគ្នាមួយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នេះ។

គិតត្រឹមថ្ងៃទី ១៦ ខែមេសា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥.៥១៦ករណី ដោយក្នុងនោះមាន​អ្នកស្លាប់ចំនួន ៤៩៦នាក់ នឹងបានជាសះស្បើយចំនួន ៥៤៩នាក់៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)