វៀតណាម និងចក្រភពអង់គ្លេសពិភាក្សាអំពីមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ  ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី១៦ ខែមេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក Nigel Adams ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

លោក Dung បានជូនជម្រាបដល់មន្រ្តីអង់គ្លេសអំពីវិធានការដែលបានអនុវត្តដោយវៀតណាម និងបានអះអាងនូវការប្តេជ្ញា​ចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតនេះ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនវៀតណាម ក៏ដូចជាជនបរទេសដែល​កំពុងធ្វើការ និងរស់នៅក្នុងប្រទេសនេះផងដែរ។

លោកបាននិយាយថា ប្រទេសវៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍របស់ខ្លួនជាមួយ​ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក Dung ក៏បានបង្ហាញនូវគោលបំណងរបស់លោកថា ចក្រភពអង់គ្លេសនឹងចែករំលែកបទពិសោធន៍ និងការស្រាវជ្រាវ​ទាក់ទងនឹងការព្យាបាលជំងឺកូវីដ-១៩ ដើម្បីជួយប្រទេសវៀតណាមបង្កើនសមត្ថភាពថែទាំសុខភាពសហគមន៍របស់ខ្លួន និងរួមដៃគ្នា​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលលោកនេះ។

លោកបានស្នើឱ្យចក្រភពអង់គ្លេសផ្តល់ការគាំទ្រផ្នែកវេជ្ជសាស្រ្ត និងលក្ខខណ្ឌអំណោយផលដល់ពលរដ្ឋវៀតណាមដែលកំពុង​រស់នៅ នឹងធ្វើការនៅក្នុងចក្រភពអង់គ្លេសក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

សម្រាប់ភាគីចក្រភពអង់គ្លេស លោក Adams បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានទទួលជោគជ័យក្នុងការរៀប​ចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសតាមប្រព័ន្ធអ៊ិនធឺណែត ស្តីពីជំងឺកូវីដ-១៩ ដែលលោកបានឆ្លុះ​បញ្ចាំងអំពីតួនាទីដ៏សកម្ម និងសកម្មភាពរបស់ប្រទេសនេះក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ។

ថ្លែងអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកមានគោលបំណងថា ប្រទេសទាំងពីរនឹងចែក​រំលែកព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយលើកកម្ពស់សំឡេងរបស់ពួកគេ ជាពិសេសនៅពេលដែលវៀតណាមទទួលយកតួនាទីសំខាន់ៗនៅក្នុងអាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលបំណងជំរុញកិច្ចសម្របសម្រួលអន្តរជាតិនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញនេះ៕

( ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)