ព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ព្រឹទ្ធសភាបានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នហើយនៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋសភាភិបាលយកទៅអនុវត្តការពារផលប្រយោជន៍ និងអាយុជីវិតប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ដឹកនាំ ដោយឯកឧត្តមស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា ច្បាប់នេះមានសារៈសំខាន់បំផុតសំរាប់រាជដ្ឋាភិបាលយកទៅអនុវត្តពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់បណ្ដាលមកពីកាលៈទេសៈសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេសឬគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺ ពេលមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈ ដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេសជាដើម។
ឯកឧត្តមបញ្ជាក់ថា ច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលតាក់តែងឡើងផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
ឯកឧត្តមម៉ម ប៊ុននាងសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា សាមាជិកព្រឹទ្ធសភា បានអនុម័តគាំទ្រ សេចក្តីព្រាងច្បាប់នេះក្នុងសំឡេង៥៤លើ៥៤សំឡេងនៃសមាជិកព្រឹទ្ធសភាដែលបានចូលរួមប្រជុំទាំងមូល ។ អង្គព្រឹទ្ធសភាយល់ឃើញថា ច្បាប់នេះ ត្រឹមត្រូវតាមគតិ និងទម្រង់ច្បាប់ នឹងជាមូលដ្ឋានគតិយុត្តិឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ននានា ជាពិសេសក្នុងស្ថានភាពរីករាល ដាលជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា បន្ទាប់ពីព្រឹទ្ធសភាអនុម័តរួចហើយ ច្បាប់នេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ ពិនិត្យធម្មនុញភាពបន្តទៀតមុនដាក់ថ្វាយដល់ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ និងទុកជាការប្រញាប់៕