ដែនជម្រកសត្វព្រៃចំនួនពីរកន្លែងទទួលបានការចុះបញ្ជីជាដីរដ្ឋជាលើកដំបូង

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី

MC: ដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេចខេត្តមណ្ឌលគិរី បាននឹងកំពុងធ្វើការចុះបញ្ជីជារដ្ឋនៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ដើម្បីជាប្រយោជន៍ទាំងកិច្ចគាំពារធនធានធម្មជាតិ បរិស្ថាន និងទាក់ទាញកំណើនទេសចរជាតិ និង អន្តរជាតិ។
ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបាននឹងកំពុងអនុវត្តការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរនេះ ទៅតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឲ្យមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន តាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ ក្រុមការងារបានបញ្ចប់នីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ស្នូល និងតំបន់អភិរក្សនៃ ដែនជម្រកសត្វព្រៃទាំងពីរ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនក្រសួងបរិស្ថានចំនួន ១៨ប័ណ្ណ ដែលក្នុងនោះ១០ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុបជាង៤.៦០០ហិកតា និង៨ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូលនៃ ដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង៤៥.៥០០ហិកតា។
ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តពិនិត្យចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ» សម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ហើយក្រុមការងារអនុវត្តគម្រោងបាន នឹងកំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ ដូចជាការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ និងការចុះប្រតិបត្តិសកម្មភាពអាទិភាពនៅទីវាលជាក់ស្តែង។
ក្រសួងបិស្ថាន បានបញ្ជាក់ថា នេះគឺជាលទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាល បានគាំទ្រ និងជំរុញឲ្យមានការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការ យកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល លើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា៕