អូស្រ្តាលីបន្តវិធានការរ៉ឹតត្បិត៤សប្តាហ៍បន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង៖

ប្រទេសអូស្រ្តាលីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា នឹងបន្តអនុវត្តវិធានការរឹតត្បិតនៅក្នុងប្រទេសយ៉ាងហោចណាស់រយៈពេល ៤សប្តាហ៍បន្ថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែ មេសា ឆ្នាំ ២០២០។

លោក ស្កុត ម៉ូរីសសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ជាក់ឲ្យដឹងថា ​វិធានការដែលបានណែនាំដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ COVID-19 ដែលរាប់បញ្ជូលទាំងរយៈពេល នៃការដាក់ឲ្យនៅដាច់ដោយឡែក ក៏ដូចជាវិធានការគម្លាតសង្គម ការបិទការផ្លាស់ទីលំនៅរបស់ប្រជាជន សាលារៀន ភោជនីយដ្ឋាននិងហាងស្រា រួមទាំងការបិទអាជីកម្មដែលមិនចាំបាច់នានាកន្លងមក នឹងនៅជាធរមាន ៤សប្តាហ៍បន្ថែមទៀត។លោកនាយករដ្ឋមន្រ្តីអះអាងថា អូស្ត្រាលីនឹងពង្រីកការធ្វើតេស្ត៍រកមេរោគឆ្លងនេះបន្ថែមទៀត បង្កើនសមត្ថភាពក្នុងការតាមដានទំនាក់ទំនងនៃករណីឆ្លងមេរោគ និងវិធានការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺឆ្លងនេះនៅក្នុងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសអូស្រ្តាលីមានករណីឆ្លងជំងឺ COVID-19 សរុប ៦,៤៦២ ករណី ស្លាប់ ៦៣នាក់ និង​អ្នកដែលបានជាសះស្បើយមានចំនួន ៣,៧០២នាក់៕

ប្រភព៖សារព័ត៌មាន Channel News Asia