លោក Pompeo ថ្លែងអំណរគុណដល់កូរ៉េខាងត្បូង សម្រាប់ការបញ្ជូនឧបករណ៍ធ្វើតេស្តរកវីរុស

AKPភ្នំពេញ  ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានថ្លែង​អំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានអនុញ្ញាតិក្នុងការទិញឧបករណ៍ធ្វើតេស្តរកមើលមេរោគឆ្លងកូរ៉ូណា  វីរុសដែលផលិតនៅកូរ៉េខាងត្បូងចំនួន ៧៥០.០០០សម្រាប់។

លោកបានសរសេរនៅលើបណ្តាញសង្គម Twitter  ដោយភ្ជាប់ជាមួយនឹងសំណេរស្រដៀងគ្នានេះរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris ដែលបានសរសេរនៅលើ  បណ្តាញសង្គម Twitter របស់លោកដែរ ដែលបាន​និយាយថា « សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋ  ​កូរ៉េដែលបានអនុញ្ញាតិឱ្យ FEMA ទិញឧបករណ៍ធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ ចំនួនរាប់ម៉ឺនសម្រាប់»។ លោក Pompeo បាននិយាយបន្ថែមថា «ជាដៃគូ និងជាសម្ព័ន្ធមិត្តដែលតែងតែនៅជាមួយគ្នា»។

ក្រុមហ៊ុនឯកជនរបស់កូរ៉េខាងត្បូងចំនួន ៣ បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធសហរដ្ឋអាមេរិក ដើម្បីនាំចេញឧបករណ៍ធ្វើតេស្តរបស់ពួកគេ បន្ទាប់ពីទទួលបានការយល់ព្រមបណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។

ក្រុមហ៊ុនពីរក្នុងចំណោមនោះបានផ្ញើកញ្ចប់ឧបករណ៍ធ្វើតេស្តចំនួន ៦០០.០០០សម្រាប់តាមជើងហោះហើរមួយពីប្រទេសកូរ៉េ​ខាងត្បូងកាលពីដើមសប្តាហ៍នេះ ខណៈដែលក្រុមហ៊ុនទីបីបានផ្គត់ផ្គង់កញ្ចប់ឧបករណ៍ធ្វើតេស្តចំនួន ១៥០.០០០សម្រាប់បន្ថែមទៀត តាមរយៈអ្នកចែកចាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhab ថា «យើងសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋ​កូរ៉េដែលបានធ្វើឱ្យការទិញឧបករណ៍ធ្វើតេស្តទាំងនេះអាចធ្វើទៅបាន និងសម្រាប់ជំនួយរបស់ខ្លួនដល់ប្រជាជនសហរដ្ឋអាមេរិកក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

លោកស្រីបាននិយាយបន្ថែមថា «ក្នុងពេលដែលកំពុងមានវិបត្តិនេះ កិច្ចសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងចំណោមសម្ព័ន្ធមិត្ត​ដែលមានគំនិតដូចគ្នា និងដៃគូក្នុងវិស័យឯកជន គឺជាគន្លឹះក្នុងការអភិវឌ្ឍការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព»។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់យើងនៅឥណ្ឌូ- ប៉ាស៊ីហ្វិក សាធារណរដ្ឋកូរ៉េបានស្ថិតនៅជួរមុខនៃជំងឺរាតត្បាតនេះ ហើយយើងសូមអរគុណ​ពួកគេចំពោះការសហការរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះតាមរបៀបបើកចំហ និងមានតម្លាភាព៕

(ប្រភព ​Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)