រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដាក់ចេញវិធានការចំនួន៦ចំណុចដើម្បីអភិវឌ្ឍនិងបង្កើនសុវត្ថិភាពលើវិស័យអាកាសចរស៊ីវិល

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ១៦ ០៤ ២០៖

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដាក់ចេញវិធានការចំនួន៦ចំណុចក្នុងការអភិវឌ្ឍនិងបង្កើនសុវត្ថិភាពលើវិស័យអាកាសចរស៊ីវិលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។
ឯកឧត្ដមជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មានប្រសាសាសន៍ថា ផែនការសកម្មភាពអាទិភាពសម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិលនៅកម្ពុជាចំនួន ៦ ចំណុចនោះរួមមាន គឺ៖ ១-ការពង្រឹងសុវត្ថិភាពហោះហើរ ២-ការពង្រឹងសន្តិសុខអាកាសចរស៊ីវិល ៣- ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ៤-ការពង្រឹងសេវាកម្ម នាំផ្លូវអាកាស ៥-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិ-អន្តរជាតិ និង៦-ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាព្រឹទ្ធថ្ងៃទី ១៦ ខែមេសា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្ដមបានបញ្ជាក់ថា ការបង្កើនវិធានការពង្រឹងសន្ដិសុខ និងសុវត្ថិភាពអាកាសចរស៊ីវិលនេះ ដើម្បីធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសឆ្លើយតបបានយ៉ាងល្អប្រសើរបំផុត ចំពោះតម្រូវការនានារបស់អ្នកប្រើប្រាស់ និងសង្គមជាតិ ។
ឯកឧត្ដមបន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យវិស័យមួយនេះមានវឌ្ឍនភាពកាន់តែប្រសើឡើង ស្របតាមអនុសាសន៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO)។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានកំពុងប្រតិបត្ដិការអាជីវកម្មមានចំនួន ៤៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមាន ចំនួន៦ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានចំនួន៤១ក្រុមហ៊ុន។ អាកាសយានស៊ីវិលដែលបានចុះបញ្ជីប្រតិបត្ដិការអាជីវកម្មសរុបមានចំនួន ១២ គ្រឿង៕