វៀតណាមកោតសរសើរចំពោះការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាម​ប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី ហើយ​លោកជឿជាក់ថា វានឹងចូលរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងប្រទេសនេះ ជាពិសេសប្រជាជន​កំពុងរស់នៅតំបន់ដែលមានជម្លោះ។

ថ្លែងទៅកាន់សន្និសីទតាមប្រព័ន្ធអ៊ិនធឺណេត ដែលរៀបចំដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៤ ខែមេសា ដើម្បីពិភាក្សាអំពីរបាយការណ៍ស្តីពីបេសកកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចព្រមព្រៀងសន្តិភាព​នៅក្នុងប្រទេសកូឡុំប៊ី  អ្នកការទូតរូបនេះបានស្នើឱ្យក្រុមប្រដាប់អាវុធអនុម័តបទឈប់បាញ់គ្នារយៈពេលវែង ដើម្បីឆ្ពោះទៅរកកូឡុំប៊ីដែល​គ្មានជម្លោះ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

លោកបានសម្តែងការគាំទ្រ ចំពោះអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានកំណត់នៅក្នុងរបាយការណ៍ ក៏ដូចជាសម្រាប់កិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយបេសកកម្មអង្គការសហប្រជាជាតិនៅកូឡុំប៊ី ដើម្បីត្រួតពិនិត្យការអនុវត្ត​កិច្ចព្រមព្រៀងនេះ។

លោក Carlos Ruiz Massieu តំណាងពិសេសសម្រាប់ប្រទេសកូឡុំប៊ី និងជាប្រធានបេសកកម្មអង្គការសហប្រជាជាតិបានសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកូឡុំប៊ី ដែលបានចាត់វិធានការប្រកបដោយភាពច្នៃប្រឌិតក្នុងការការពារជំងឺរាតត្បាតកូវីដ-១៩ និងការអំពាវនាវឱ្យមានសាមគ្គីភាពជាតិប្រឆាំងនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ។

លោកបានជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ីបន្តអនុវត្តវិធានការនានាដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន ពង្រឹងមូលដ្ឋានសម្រាប់សន្តិភាពរយៈពេលវែង និងធានាផលប្រយោជន៍របស់ក្រុមទាំងអស់នៅក្នុងសង្គម។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតកូឡុំប៊ីសម្រាប់ One Young World លោក David Santiago Cano Salazar បាននិយាយថា ប្រទេសរបស់លោកបានឃើញការផ្លាស់ប្តូរជាវិជ្ជមានបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដែលនាំមកនូវក្តីសង្ឃឹមដល់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ។

លោកបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពី UNSC និងសហគមន៍អន្តរជាតិ ដើម្បីពន្លឿនការអនុវត្តដំណើរការសន្តិភាព នៅក្នុងប្រទេសកូឡុំប៊ី។

អ្នកចូលរួមមកពីបណ្តាប្រទេសជាសមាជិក UNSC បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការគាំទ្រដែលបាន​អនុវត្តដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)