នាវិកជិត៧០០នាក់ឆ្លងជំងឺ COVID-19 នៅលើនាវាដឹកយន្តហោះចម្បាំងបារាំង

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ក្រសួងការពារជាតិបារាំងបានឲ្យដឹងថា មាននាវិកនៃក្រុមនាវាដឹកយន្តហោះបារាំងឈ្មោះ ហ្សាដឺហ្គោល (Charles de Gaulle) ចំនួន ៦៦៨នាក់បានឆ្លងជំងឺ COVID-19 ខណៈក្រសួងកំពុងស៊ើបអង្កេតពីករណីឆ្លងជំងឺនេះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែ មេសា ឆ្នាំ ២០២០។
ប្រភពពីក្រសួងការពារជាតិបារាំងបានឲ្យដឹងទៀតថា នាវិកជិត ១,៧៦៧នាក់ នៅលើនាវាដឹកយន្ដហោះចម្បាំងមួយគ្រឿង និងនាវាចម្បាំងអមដំណើរត្រូវបានធ្វើតេស្ដ និងចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 ចំនួន ៦៦៨នាក់។នៅពេលនេះនាវិក ដែលមានផ្ទុកជំងឺ COVID-19 ខាងលើ រួមទាំងក្រុមអាកាសយានិកនៃយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រទាំងអស់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមូលដ្ឋានកងទ័ពជើងទឹករបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង Charles de Gaulle បានធ្វើដំណើរទៅភាគខាងកើតមេឌីទែរ៉ាណេនៅថ្ងៃទី ២១ ខែមករាដើម្បីគាំទ្រប្រតិបត្តិការយោធាបារាំងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុនពេលដាក់ពង្រាយទៅកាន់មហាសមុទ្រអាត្លង់ទិក និង សមុទ្របាល់ទិក៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters