អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៤ ២០៖

អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នគ្មានគោលបំណងបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ តែផ្ទុយទៅវិញច្បាប់នេះបង្កើតឡើងគ្រាន់តែ ដើម្បីផ្តល់សិទ្ធិអំណាចដល់រាជរដ្ឋាភិបាលដឹកនាំគ្រប់ប្រទេសជាតិពេលជួបគ្រោះអាសន្នណាមួយប៉ុណ្ណោះ។
ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមេសានេះ ឯកឧត្តម ម៉ម ប៊ុន នាងអ្នកនាំពាក្យព្រឹទ្ធសភាបានហៅការព្រួយបារម្មណ៍របស់បតិមួយចំនួនដែលថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចរឹតរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះ គឺជាការព្រួយបារម្មណ៍ជ្រុលហួសហេតុ ហើយពួកគេមិនបានគិតពីសុវត្ថិភាព សុខភាពសាធារណៈ និងផលប្រយោជន៍ជាតិទេ។
ឯកឧត្តមបញ្ជាក់ថា ច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលតាក់តែងឡើងផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
សំភាសន៍៖ «ហើយច្បាប់យើងក៏ស្រប….បិទផ្សារកន្លែងលក់ដូរផ្សេងៗ»
ឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថាដើម្បីបើកផ្លូវឱ្យរាជដ្ឋាភិបាលមានឧបករណ៍គតិយុត្តគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិពេលដាក់ក្នុងគ្រាអាសន្នណាមួយនោះ អង្គព្រឹទ្ធភានឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ស្អែកនេះ ដើម្បីពិភាក្សា នឹងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មុននឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញពិនិត្យធម្មនុញភាព នឹងដាក់ថ្វាយដល់ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ និងទុកជាការប្រញាប់៕