ល្បែងចាប់កូនបង្ហាត់មនុស្សឲ្យចេះការពារខ្លួននិងចេះប្រុងប្រយ័ត្ន

វិទ្យុជាតិកម្ពុជា៖

ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់
ឯកឧត្ដម ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ល្បែងចាប់កូនខ្លែង រឺនៅតាមស្រុកខ្លះ គេហៅល្បែងនេះថា ល្បែងខ្លែងចាប់កូនមាន់ គឺជាល្បែងប្រជាប្រិយ ដែលក្មេងជំទង់ៗនិយមលេងកំសាន្តក្នុងវេលាយប់ខែភ្លឺនៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬនៅពេលទំនេរ ។
ឯកឧត្តមបានបញ្ជាក់ថាល្បែងចាប់កូនខ្លែងនេះជាការបង្ហាត់មនុស្សឲ្យមានស្មារតីរហ័សរហួន និងប្រុងប្រយ័ត្ន ព្រមទាំងចេះប្រុងស្នៀតការពារខ្លួន និងគ្រួសារ ។
សំឡេង«អានិងគេនិយាយអំពីមេបញ្ជា បើកាលណាមេរឹងការពារកូនបានហើយតាមមេទន់ការពារមិចកើត។ មើលឃើញមេនៅខាងក្នុង សុំកូនមួយបេះមិនបានទេ សុទ្ធតែជារឿងការពារកូនឲ្យមេនិងរហ័សវិលចុះវិលឡើងដេញខ្លែងដើម្បីការពារកូន របៀបស្ទាត់ជំនាញក្នុងការដឹកនាំរបស់មេ។ហើយកូនៗត្រូវទៅតាមមេ តែកាលណាមេរត់ទៅគេតាមមេមិនទាន់ខ្លែងចាប់បានហើយ។បានន័យថាត្រូវគោរពបទបញ្ជានិយាយចំមែនទែននិយាយរួមទៅរឿងប្រវត្តិនៅក្នុងយុទ្ធវិធីទាំងអស់ យុទ្ធសាស្ត្រ »។
ឯកឧត្ដម ញាណ ភឿន បានឲ្យដឹងថា វិធីសាស្រ្តមុនពេលលេង ត្រូវចាត់មនុស្សម្នាក់ដែលមានមាឌធំមាំឲ្យធ្វើជាមេមាន់ ចាត់ច្រើននាក់ ឲ្យធ្វើជាកូនមាន់ និងចុងក្រោយ ចាត់ម្នាក់ទៀត ឲ្យធ្វើជាខ្លែងចាំចាប់កូនមាន់ ។ ម្នាក់ៗ ត្រូវយកក្រមាមកក្រវាត់ចង្កេះឲ្យតឹងណែន ការពារកុំឲ្យរបូតសំលៀកបំពាក់ ។ នាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នាក់មួយតូច ហើយម្នាក់ដែលធ្វើជាមេមាន់បញ្ជាឲ្យកូនមាន់ តោងចង្កេះតៗគ្នាជាជួរ រួចដើរក្រឡឹងព័ទ្ធជុំវិញភ្នក់ភ្លើង ។
ពេលលេងមេមាន់ពោលពាក្យចំអកឡកឡឺយឲ្យន័យទៅខ្លែងថា ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀនមួយគូ តាំងយូបាំងព្រះ លើកដៃសំពះដូនៗ(ឬតាៗ)សុំភ្លើង ។
ចំពោះអ្នកធ្វើខ្លែងឈរធ្វើព្រងើយ កាលបើឮមេមាន់ និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅ រកភ្នក់ភ្លើង ហើយនិយាយថា ដូនៗ សុំភ្លើង។
មេមាន់ឆ្លើយថា រលត់
ខ្លែងសុំថា សុំមួយអង្កត់
មាន់ថា រលាយ
ខ្លែងថា សុំទឹកបាយ
មាន់ថា ឆ្កែលិទ្ធ
ខ្លែងថា សុំកាំបិត
មាន់ថា មិនទាន់ជ្រុង
ខ្លែងថា សុំល្ហុង
មានថា មិនទាន់ដាំ
ខ្លែងថា សុំថ្នាំ
មាន់ថា មិនទាន់ហាល
ខ្លែងថា សុំផាល
មាន់ថា មិនទាន់សិត។
-បន្ទាប់មក ខ្លែងក៏អង្គុយជិតភ្លក់ភ្លើងនោះ។ មេមាន់និងកូនមាន់ក៏ដើរជុំវិញខ្លែងនិងភ្នក់ភ្លើងហើយស្រែកច្រៀងទាំងអស់គ្នាថា៖
ចាប់កូនខ្លែងប្រឡែងកូនមាន់ ( បន្ទរ) អាឡយៗ
បើមេទៅទាន់យកមាន់ទៅលាក់ ( បន្ទរ) អាឡយៗ
លាក់ទុកឯណា លាក់ក្បាលដំណេក( បន្ទរ) អាឡយៗរលឹកពីដេកវាយមាន់តូងតាង។
មាន់ច្រៀងចប់ក៏ឈរជាជួរនៅមុខភ្លក់ភ្លើងទល់នឹង ខ្លែង។ ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា«ដូនៗសុំភ្លើង»។
មាន់ឆ្លើយថា «ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ»។ រួចមាន់ទាំងអស់ក៏ដើរជុំវិញខ្លែងនិងភ្នក់ភ្លើងដោយច្រៀងថា៖
ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម ( បន្ទរ) អាឡយៗ
ខ្លែងអើយកុំលោម មិនបានមាន់ទេ ( បន្ទរ) អាឡយ។
-ច្រៀងចប់ មាន់ក៏ឈប់នៅពីមុខភ្នក់ភ្លើង។ ខ្លែងក៏និយាយទទូចសុំកូនថា៖
ខ្លែងស្រែក ដូនៗឲ្យសុំកូនមុខ
មាន់ស្រែកទៅវិញ ឪពុកមិនឲ្យ
ខ្លែងស្រែក សុំកូនក្រោយ
មាន់មាន កុំបាក់កំបំបែកយកចុះឬចាប់បានយកចុះ
-ពេលប្រយោគចុងក្រោយនេះ ខ្លែងក៏តាំងដេញចាប់បេះយកកូនណាដែលនៅក្រោយគេឯមេមាន់ខំប្រឹងការពារកូនកុំឱ្យគេបេះយកបាន ឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់រត់ពេនចុះឡើង ខ្លាចខ្លែងចាប់បាន។
-ជួនកាលខ្លែងក៏ចាប់បេះយកបានតែម្ដងមួយឬពីរ រហូតទាល់តែអស់ ប៉ុន្តែខ្លែងត្រូវគោរពគោរពលក្ខខណ្ឌមួយ គឺបើកូនមាន់ណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូននោះក្រាបនៅនឹងដីនោះ ខ្លែងមិនត្រូវចាប់យកនោះទេ៕