រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ វ៉ែនតា អាកុល និងថវិកា ពីម្ចាស់ហាងវ៉ែនតា ម៉ាស់ស្ទ័រអ៊ុបទិច

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១៥ មេសា ២០២០

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ វ៉ែនតា អាកុល និងថវិកា ពីលោក អាយ ស៊ីសាវុធ ម្ចាស់ហាងវ៉ែនតា ម៉ាស់ស្ទ័រអ៊ុបទិច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអរគុណចំពោះ លោក អាយ ស៊ីសាវុធ ម្ចាស់ហាងវ៉ែនតា ម៉ាស់ស្ទ័រអ៊ុបទិច ដែលបាននាំយកអំណោយ អាកុលចំនួន ១២០ លីត្រ វ៉ែនតា សម្រាប់មនុស្សចាស់ ចំនួន ៤០០ និង ថវិកា ១ លាន រៀលដែលមានសារៈប្រយោជន៍ក្នុងការប្រើប្រាស់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ មកប្រគល់ជូននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។
ឯកឧត្តម បានបន្ត ថាអំណោយជាវ៉ែនតា ចំនួន ៤០០ នេះ គឺទុកសម្រាប់ក្រុមគ្រូពេទ្យ ពិនិត្យភ្នែក ហើយចែកជូនដល់ លោកតា លោកយាយ ចាស់ៗ ដែលភ្នែកមើលមិនសូវច្បាស់ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ សម្រាប់អាកុល គឺប្រគល់ជូនអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន សម្រាប់អោយមន្រ្តី ថ្នាក់ដឹកនាំ ប្រើប្រាស់ លាងសំអាតដៃ ការពារមេរោគ ពិសេសការពារកុំអោយឆ្លង មេរោគកូវីត៩ ។ ចំពោះ ថវិកា គឺសម្រាប់ទុកចូលរួមក្នុងដំណើរការ ប្រយុទ្ធ ប្រឆាំងជំងឺកូវីត១៩ ។
លោក អាយ ស៊ីសាវុធ មានប្រសាសន៍ថា អំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តចូលរួមក្នុងសម្មភាពមនុស្សធម៌ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូថីដ១៩។
សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួង សុខាភិបាល បានអោយដឹងនៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ថា អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ៥ នាក់ទៀត ធ្វើអោយចំនួន អ្នកជាសះស្បើយកើនឡើងរហូតដល់៩៦នាក់ ពិសេសបំផុតពុំ មានករណី អ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅកម្ពុជា បាន ធ្លាក់ចុះ មកត្រឹម ចំនួន២៦នាក់ នៃអ្នកឆ្លងសរុប ១២២ នាក់៕