អាជ្ញាធរខេត្តកំពង់ស្ពឺបានអះអាងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កម្មករ កម្មការិនី ជាង១៣ម៉ឺននាក់ នៅតែបន្តធ្វើការងារជាធម្មតា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ15,04,2020៖

អាជ្ញាធរខេត្តកំពង់ស្ពឺបានអះអាងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កម្មករ កម្មការិនីជាង១៣ម៉ឺននាក់ នៅតែបន្តធ្វើការងារជាធម្មតា ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ 

ឯកឧត្ដម  វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពងស្ពឺ មានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ    កម្មករ កម្មការិនីជាង១៣ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅតែបន្តធ្វើការងារនៅក្នុងរោងចក្រជាធម្មតា ដោយមិនមានការ ឈប់សម្រាកទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើតឡើយ។  ឯកឧត្ដមបាន បានកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការិនី ដែលបានមកមបំពេញការងារជាធម្មតានៅក្នុងរោងចក្រ តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីថែសុខភាព និងចូលរួមទប់ស្កាត់ ជម្ងឺកូវីត១៩ ទោះបីយើងមិនបានឈប់សំរាកក្នុងថ្ងៃបុណ្យចូលឆ្នាំក៏ដោយ តែប្រមុខរាជរដ្ឋាភិបាល  នឹងលើកថ្ងៃឈប់សម្រាកនឹងត្រូវសងចំនួន៥ថ្ងៃត្រឡប់មកវិញ នៅពេលដែលប្រទេសជាតិឆ្លងផុតពីជម្ងឺកូវីដ១៩។

»សំឡេង៖ ចឹងវិធានការរបស់យើងបានផ្សព្វផ្សាយទៅដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការិនី ឲ្យពួកគាត់ទៅធ្វើការធម្មតា ហើយនៅពេលដែលពួកគាត់ធ្វើការពួកគាត់ហត់ពីការងារ នឹងពួកគាត់មិនបានទៅជូបជុំ ផឹកស៊ីននោះទេ ហើយបើសិនជាពួកគាត់ឈប់សម្រាកពួកគាត់ប្រាកដជាមានការជួបជុំ ចឹងមកទល់នឹងថ្ងៃនេះកម្មករកម្មការិនីជាង១៣ម៉ឺននាក់គឺនៅធ្វើការធម្មតា មិនមានកម្មករណាឈប់សម្រាកនោះទេ»។

 កញ្ញា សាត សារ៉េត កម្មការិនីបម្រើការងារនៅក្នុងរោងចក្រមួយកន្លែង ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថា សម្រាប់កញ្ញាផ្ទាល់គឺគាំទ្ររាជរដ្ឋាភិបាល ដែលគាត់មានការសម្រេចចិត្តឲ្យពួកគាត់ធ្វើការធម្មតា ព្រោះការធ្វើបែបនេះគឺរាជរដ្ឋាភិបាល ចង់ឲ្យស្ថានភាពកូវីដ-១៩ ពុំមានការរីករាលដាលនៅកម្ពុជា។

«សំឡេង៖ ខ្ញុំមានអារម្មណ៍ថានៅពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញបែបនេះ គឺជាការល្អ ហើយទីមួយគឺជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះយើងអត់ដឹងថា ពេលដែលយើងទៅផ្ទះច្រើន យើងអត់ដឹងទេថានរណាកើតខ្លះ អញ្ចឹងអាចថាយើងអត់កើត តែ អ្នកផ្សេងកើត ចឹងយើងអាចនាំបញ្ហាដល់គ្រួសារយើងទៀត ហើយនៅពេលដែលយើងមកធ្វើការវិញ គឺនាំបញ្ហាដល់មិត្តភក្តិរួមការងារទៀត អញ្ចឹងការងារដែលប្រមុខរាជរដ្ឋាភិបាលបានដាក់អញ្ចឹងគឺជាការល្អបំផុតហើយ  គឺជាការទប់ស្កាត់នូវកូវីដ១៩និង បើយើងមិនធ្វើដំណើរទាំងអស់គ្នាគឺជំងឺនិងអត់រីករាលដាលទៅ នៅប្រទេសយើងធូរស្រាល អញ្ចឹងយើងក៏អាចឈប់នៅថ្ងៃក្រោយ។»

ឯកឧត្ដម  វ៉ី សំណាង  អភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្តាំផ្ញើដល់កម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមថែទាំសុខភាពអោយបានល្អ ព្រោះថាៈជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តែយើងអាចការពារបាន ដោយអនុវត្តជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភាពិបាល គឺមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងសំអាតដៃនិងសាប៊ូ ឬអាល់កុល អោយបានញឹកញាប់ បើធ្វើដូចនេះបាននោះ យើងទាំអស់គ្នា និងក្រុមគ្រួសារយើង នឹងមិនអាចឆ្លងជំងឺកូវីតនេះបានឡើយ ៕