ប្រទេសរុស្ស៊ីមិនត្រូវការស្នើសុំឱ្យសហភាពអឺរ៉ុបដកទណ្ឌកម្ម ចំពេលដែលមានការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសទេ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទ​សម្ភាសន៍មួយតាមប្រព័ន្ធអ៊ីនធឺណេតថា ប្រទេសរុស្ស៊ីនឹងមិនស្នើសុំសហភាពអឺរ៉ុបឱ្យដកទណ្ឌកម្មឆ្នាំ ២០១៤ ចំពេលដែលមានការឆ្លង​រាលដាលនៃមេរោគកូរ៉ូណាវីរុសនោះទេ។

អ្នកការទូតកំពូលរូបនេះបាននិយាយថា «ប្រសិនបើសហគមន៍អឺរ៉ុបយល់ឃើញថា វិធីសាស្រ្តនៃការដាក់ទណ្ឌកម្មមានភាពហត់​នឿយ ហើយចង់ដកសេចក្តីសម្រេចរបស់​ខ្លួនដែលបានធ្វើក្នុងឆ្នាំ ២០១៤ នោះយើងនឹងត្រៀមខ្លួនទទួលយក ប៉ុន្តែយើងនឹងមិនស្នើសុំឱ្យ​ដកទណ្ឌកម្មទាំងនោះទេ»។

យោងតាមលោក Lavrov បានឱ្យដឹងថា បន្ទាប់ពីដៃគូនៅបស្ចិមលោកបរាជ័យជាមួយទីក្រុងមូស្គូ និងបានបដិសេធការទទួល​ខុសត្រូវរបស់ពួកគេទៅលើបញ្ហាជាច្រើន ប្រទេសរុស្ស៊ីបានជ្រើសរើសផ្លូវមួយដែលធានានូវ «ការពឹងផ្អែកលើធនធានផ្ទាល់ខ្លួនរបស់​ប្រទេសរុស្ស៊ី ក្នុងកំឡុងពេលដែលមានការផ្លាស់ប្តូរចិត្តដែលអាចកើតមាន» របស់សហការីលោកខាងលិច។

លោក Lavrov បាននិយាយថា «នេះមិនមានន័យថា ជាភាពឯកោតាមមធ្យោបាយណាមួយនោះទេ។ យើងតែងតែបើកចំហ​សម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទូលំទូលាយ និងទៅវិញទៅមក»។ ទោះជាយ៉ាងនេះក្តី ដោយពិចារណាទៅលើ​សកម្មភាពរបស់លោកខាងលិចក្នុងឆ្នាំ ២០១៤ យើងត្រូវធានាខ្លួនយើងពីការកើតឡើងវិញនូវឧប្បត្តិហេតុស្រដៀងគ្នានេះ។

និយាយអំពីព្រឹត្តិការណ៍នៃប្រទេសអ៊ុយក្រែនឆ្នាំ ២០១៤ វិញ រដ្ឋមន្ត្រីការបរទេសរូបនេះបានគូសបញ្ជាក់ថា គឺរុស្ស៊ីដែលគួរតែមាន​អារម្មណ៍ប្រមាថដោយលោកខាងលិចដែលតំណាងដោយប្រទេសបារាំង អអាល្លឺម៉ង់ ប៉ូឡូញ និងសហរដ្ឋអាមេរិក ដែលបានជំរុញកិច្ចព្រម​ព្រៀងយ៉ាងស្វាហាប់រវាងអតីតប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovich និងក្រុមប្រឆាំង [អ៊ុយក្រែន]»៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)