ប្រធានាធិបតីកូរ៉េខាងត្បូងគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់វិធានការដាក់ឱ្យនៅដាច់ដោយឡែក និងវិស័យសេដ្ឋកិច្ច

AKP ភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Moon Jae-in បានសង្កត់​ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសម្របសម្រួលអន្តរជាតិយ៉ាងជិតស្និទ្ធទាំងការប្រយុទ្ធប្រឆាំងនឹងមេរោគវីរុស និងសេដ្ឋកិច្ច ដែលប្រឈមមុខ​នឹងការផ្លាស់ប្តូរក្នុងកម្រិតពិភពលោក។

លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ មុនពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន​បូកបីពិសេស ស្តីពីជំងឺ-១៩ ។

លោកបាននិយាយថា «កិច្ចសហប្រតិបត្តិការនៃវិធានការដាក់ឱ្យនៅដាច់ដោយឡែក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជា​ផ្នែកទាំងពីនៃកាក់មួយ» ដោយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយ​ពិភពលោកទាំងមូលលើវិស័យទាំងពីរនេះ។

លោកបាននិយាយថា កិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ខែមេសា នេះនឹងក្លាយជាឱកាសដ៏​សំខាន់មួយ។

អ្នកចូលរួមផ្សេងទៀតនៃកិច្ចប្រជុំកំពូលនេះ គឺមេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង ១០ ព្រមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ។ កិច្ចប្រជុំកំពូលនេះដឹកនាំដោយប្រទេសវៀតណាម ដែលជាប្រធាន​អាស៊ាននៅក្នុងឆ្នាំ ២០២០ ។

លោក Moon បានចង្អុលបង្ហាញថា ជំងឺកូវីដ-១៩ បានបង្រៀនមនុស្សជាតិថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព គឺជាមធ្យោបាយតែមួយគត់ដើម្បីជម្នះឧបសគ្គពិភពលោក។

លោកបាននិយាយថា ជំងឺកូវីដ-១៩ នឹងរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ហើយវាជា «បញ្ហាចំណុះកំពូល» ដែលមិន​អាចត្រូវបានដោះស្រាយដោយជញ្ជាំងព្រំដែន នឹងការហាមឃាត់ការធ្វើដំណើរទេ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)